ក្រុមទីមួយនៃជនជាតិអ៊ីរ៉ង់ប្រហែល៤០០នាក់ដែលរំពឹងថានឹងត្រូវនិរទេសចេញពីសហរដ្ឋអាមេរិកក្រោមការបង្រ្កាបអន្តោប្រវេសន៍របស់លោកប្រធានាធិបតី Donald Trump ត្រូវបានចុះចតនៅប្រទេសកាតាកាលពីថ្ងៃអង្គារសប្ដាហ៍នេះ មុនពេលហោះហើរទៅកាន់ទីក្រុងតេអេរ៉ង់។
មន្ត្រីអាមេរិកសុំមិនបញ្ចេញឈ្មោះបាននិយាយថា ក្រុមនេះរួមមានទាំងឧក្រិដ្ឋជនដែលត្រូវបានកាត់ទោស និងមនុស្សដែលចូលក្នុងទឹកដីអាមេរិក ដោយខុសច្បាប់។
ការផ្ទេរនេះក្លាយជាពេលមិនធម្មតាមួយនៃការសម្របសម្រួលរវាងប្រទេសទាំងពីរដែលមានជម្លោះជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលទីក្រុងតេអេរ៉ង់និយាយថាជាកម្មវិធីស៊ីវិលសុទ្ធសាធ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោនអះអាងថា មានគោលបំណងបង្កើតគ្រាប់បែកនុយក្លេអ៊ែរ។
មន្ត្រីអ៊ីរ៉ង់ សុំមិនបញ្ចេញឈ្មោះនោះ បាននិយាយសម្រាលពីគំនិតនៃកិច្ចព្រមព្រៀងនយោបាយណាមួយជាមួយសហរដ្ឋអាមេរិក ដែលបានចូលរួមក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ និងទីតាំងនុយក្លេអ៊ែររបស់ខ្លួនកាលពីខែមិថុនា។ មន្ត្រីរូបនេះបន្តថា បញ្ហានេះជាផ្នែកការទូត មិនមែនជារឿងនយោបាយទេ។
ប្រធានកិច្ចការទូទៅនៃក្រសួងការបរទេសអ៊ីរ៉ង់ លោក Hossein Noushabadi បាននិយាយថា សហរដ្ឋអាមេរិកកំពុងគ្រោងនិរទេសជនជាតិអ៊ីរ៉ង់ប្រហែល ៤០០នាក់ ដែលភាគច្រើនបានចូលទៅអាមេរិកដោយខុសច្បាប់ ស្របតាមវិធីសាស្រ្តប្រឆាំងជនអន្តោប្រវេសន៍ថ្មីរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក៕