ឪពុកម្តាយកំពុងស្វែងរកកូនៗជាច្រើននាក់ដែលបាត់ខ្លួនដោយភ័យខ្លាចថាជាប់នៅក្រោមគំនរបេតុងដ៏ធំកាលពីថ្ងៃអង្គារ ៣០ កញ្ញា បន្ទាប់ពីសាលាបង្រៀនអ៊ីស្លាមមួយបានដួលរលំនៅប្រទេសឥណ្ឌូនេស៊ី ខណៈសិស្សកំពុងបួងសួងនៅខាងក្នុង។
អាជ្ញាធរបាននិយាយថា មនុស្សចំនួន ៩១ នាក់ត្រូវបានចុះបញ្ជីថាបានបាត់ខ្លួន បន្ទាប់ពីសាលាអ៊ីស្លាម Al Khoziny បានដួលរលំកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្នុងពេលសិស្សសាលាកំពុងបួងសួងពេលរសៀលនៅក្នុងវិហារឥស្លាម ដែលជាន់ខាងលើ កំពុងសាងសង់។
សាលារៀននេះស្ថិតនៅក្នុងក្រុង Sidoarjo ខេត្តជ្វាខាងកើត ចម្ងាយប្រហែល ៧៨០ គីឡូម៉ែត្រភាគខាងកើតក្រុងហ្សាការតា។
គិតត្រឹមល្ងាចថ្ងៃអង្គារសប្ដាហ៍នេះ សាកសពបីនាក់ត្រូវបានគេរកឃើញហើយ ដោយភាគច្រើននៃជនរងគ្រោះត្រូវគេសន្មត់ថានៅតែជាប់នៅក្រោមគំនរបេតុងដ៏ធំ។ កុមារ និងកម្មករ ៨៩ នាក់ នៅសាលានោះបានរួចជីវិត។
ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយបាននិយាយថា គ្រឹះអគារប្រហែលជាមិនអាចទ្រទ្រង់ទម្ងន់នៃការសាងសង់នៅជាន់ទី ៤ របស់អគារនេះ បានទេ៕