វិទ្យាស្ថានភ្នំភ្លើង និងរញ្ជួយដីហ្វីលីពីន (Phivolcs) បាននិយាយថា ភ្នំភ្លើង តាអាល់ (Taal) របស់ប្រទេសនេះ បានផ្ទុះឡើងនៅព្រឹកព្រលឹមថ្ងៃពុធ (១ តុលា) ស្របពេលគ្រោះរញ្ជួយដ៏ធំកម្រិត ៦,៩រ៉ិចទ័រ បានមានវាយប្រហារខេត្តសេប៊ូ។ យោងតាមព្រឹត្តិបត្ររបស់វិទ្យាស្ថាន Phivolcs ការផ្ទុះដែលមានកម្លាំងខ្សោយនេះ បានចាប់ផ្ដើមនៅម៉ោង ១:៥៩នាទីយប់ ហើយបញ្ចប់នៅម៉ោងក្នុងស្រុក ២:១៦នាទីយប់ ខណៈការប្រកាសអាសន្នកម្រិតទី១ នៅតែមានជាធរមាននៃតំបន់ភ្នំភ្លើងនេះ។
នៅក្នុងរបាយការណ៍ម៉ោង ៨ព្រឹករបស់ខ្លួន ទីភ្នាក់ងារភ្នំភ្លើងហ្វីលីពីននេះ បានបន្ថែមថា ការផ្ទុះបានព្រួសសំណុំផេះកម្ពស់ដល់ទៅ ២.៥០០ម៉ែត្រ ឡើងលើផ្ទៃមេឃ ដែលរសាត់ទៅភាគពាយព្យ ហើយការជូនដំណឹងកម្រិត១ ដែលជាកម្រិតទាប នៅតែបន្តមានដដែល។
ប្រជាពលរដ្ឋត្រូវបានដាស់តឿនឱ្យស្នាក់នៅក្នុងផ្ទះ លុះត្រាតែមានភាពចាំបាច់ ហើយត្រូវពាក់ម៉ាស់ និងឧបករណ៍ការពារភ្នែក ពេលចេញទៅខាងក្រៅ និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ។
បន្ទុះភ្នំភ្លើងនេះកើតឡើងស្របពេលដែលអាជ្ញាធរក្នុងតំបន់និយាយថា គ្រោះរញ្ជួយដីកម្រិត ៦,៩រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរភាគកណ្តាលហ្វីលីពីន កាលពីយប់ថ្ងៃអង្គារ (ម៉ោងក្នុងតំបន់) ដោយបំផ្លាញផ្លូវថ្នល់ អគារ និងផ្តាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួន ព្រមទាំងបង្កការស្លាប់ និងរបួសជាច្រើន៕