ការស្ទង់មតិថ្មីមួយបានបង្ហាញថា ជនជាតិអាល្លឺម៉ង់ភាគច្រើននឹងប្រឆាំងសម្ព័ន្ធយោធា NATO ក្នុងការបាញ់ទម្លាក់យន្តហោះយោធារុស្ស៊ី ប្រសិនបើយន្តហោះទាំងនោះចូលទៅក្នុងដែនអាកាសរបស់ប្លុកនេះ។ សមាជិកអង្គការណាតូជាច្រើន រួមទាំងប្រទេសប៉ូឡូញ និងចក្រភពអង់គ្លេស ធ្លាប់បានគំរាមបាញ់ទម្លាក់ដែរ។
យោងតាមការស្ទង់មតិដែលធ្វើឡើងដោយក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Forsa សម្រាប់ទស្សនាវដ្ដី Stern បានឱ្យដឹងថា ចំនួន៦៧% នៃអ្នកឆ្លើយតបបាននិយាយថា ពួកគេប្រឆាំងនឹងការបាញ់ទម្លាក់យន្តហោះរុស្ស៊ី។ មានតែ២៤% នៃអ្នកដែលបានស្ទង់មតិប៉ុណ្ណោះ គាំទ្រឲ្យប្លុកយោធានេះវាយកម្ទេចយន្តហោះរុស្ស៊ី។ អ្នកគាំទ្ររបស់អធិការបតីអាល្លឺម៉ង់លោក Friedrich Merz មានភាពស្ទាក់ស្ទើរបំផុត ដោយ៣៥% បានយល់ព្រមលើវិធានការនេះ ហើយក្នុងចំណោមអ្នកគាំទ្រគណបក្សធំៗផ្សេងទៀត មានការគាំទ្រជាង២០% ប៉ុណ្ណោះ។
ការស្ទង់មតិនេះត្រូវបានធ្វើឡើងតាមទូរស័ព្ទនៅចន្លោះពីថ្ងៃទី២៥ដល់២៦ ខែកញ្ញា ហើយមានអ្នកឆ្លើយសំណួរចំនួន១.០០១ នាក់។
បញ្ហានេះទទួលបានការចាប់អារម្មណ៍ក្នុងចំណោមក្រុមមេដឹកនាំណាតូ បន្ទាប់ពីឧបទ្ទវហេតុដែលប្លុកនេះបានស្តីបន្ទោសលើប្រទេសរុស្ស៊ី។
អេស្តូនីបានអះអាងថា យន្តហោះរុស្ស៊ីបានរំលោភដែនអាកាសរបស់ខ្លួនមួយរយៈពេលខ្លីនៅពាក់កណ្តាលខែកញ្ញា ខណៈប៉ូឡូញបានចោទថាយានដ្រូនរបស់រុស្ស៊ីជាច្រើនគ្រឿងបានចូលក្នុងទឹកដីរបស់ខ្លួន។ ទីក្រុងមូស្គូ បានច្រានចោលការអះអាងក្នុងករណីទាំងពីរនេះ៕