ក្រុមមន្ត្រីក្នុងតំបន់បាននិយាយនៅថ្ងៃពុធ១តុលានេះ ថា ការវាយប្រហារដោយគ្រាប់បែកតាមអាកាសរបស់រុស្ស៊ី ទៅលើទីក្រុង Kharkiv ភាគឦសាននៃប្រទេសអ៊ុយក្រែន ទាំងយប់ធ្វើឱ្យមនុស្សចំនួន ៦នាក់បានរងរបួស និងបានបង្កឲ្យមានអគ្គិភ័យជាច្រើនកន្លែង។
លោក Oleh Synehubov អភិបាលនៃតំបន់ Kharkiv បាននិយាយនៅលើ Telegram ថា ៥នាក់ក្នុងចំណោម៦នាក់សុទ្ធតែជាមនុស្សពេញវ័យត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
លោក Ihor Terekhov អភិបាលក្រុង Kharkiv ជាទីក្រុងធំទីពីររបស់អ៊ុយក្រែន ដែលជារដ្ឋធានីនៃតំបន់ Kharkiv បាននិយាយថា ការវាយប្រហារនេះ ក៏បានបង្កឱ្យមានភ្លើងឆេះនៅផ្សារមួយក្នុងទីក្រុង និងនៅអគារលំនៅដ្ឋានមួយចំនួនផងដែរ។
ពុំមានការអត្ថាធិប្បាយភ្លាមៗពីទីក្រុងមូស្គូអំពីការវាយប្រហារនេះទេ។
កាលពីថ្ងៃអង្គារ ប្រទេសរុស្ស៊ីបានបើកការវាយប្រហារដោយយានដ្រូនទាំងថ្ងៃដ៏កម្រមួយ ទៅលើទីក្រុង Dnipro របស់អ៊ុយក្រែន ដោយបានសម្លាប់បុរសម្នាក់ និងមនុស្ស ២០នាក់ផ្សេងទៀតរបួស ខូចខាតសម្ភារៈបរិក្ខារពេទ្យ អគារលំនៅដ្ឋាន និងការិយាល័យ។
លោក Serhiy Lysak អភិបាលតំបន់ខាងលើ បាននិយាយថា ការវាយប្រហារនេះបានកំណត់គោលដៅកណ្តាលទីក្រុងឧស្សាហកម្ម នៅពេលមនុស្សនៅកន្លែងធ្វើការ និងកុមារនៅក្នុងសាលារៀន៕