ការបិទរដ្ឋាភិបាលសហព័ន្ធ នៅសហរដ្ឋអាមេរិក កំពុងតែចាប់ផ្ដើមជាផ្លូវការ បន្ទាប់ពីពេលពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃពុធ ទី១ ខែតុលា នេះ នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី។ ការបិទដំណើរការរដ្ឋាភិបាល ទំនងជានឹងធ្វើឱ្យកម្មកររាប់សែននាក់ត្រូវឈប់សម្រាកពីការងារដោយគ្មានប្រាក់ឈ្នួល និងបញ្ឈប់កម្មវិធី និងសេវាកម្មរបស់រដ្ឋាភិបាលអាមេរិកជាច្រើន។
សហរដ្ឋអាមេរិក ប្រឈមនឹងវដ្តនៃភាពមិនប្រាកដប្រជាជាថ្មី បន្ទាប់ពីលោកប្រធានាធិបតី Donald Trump និងសភា មិនបានសម្រេចកិច្ចព្រមព្រៀងមួយលើច្បាប់ច្បាប់ចំណាយ ដើម្បីរក្សាកម្មវិធី និងសេវាកម្មរបស់រដ្ឋាភិបាលឱ្យដំណើរការត្រឹមថ្ងៃកំណត់ទី១ ខែតុលា។ នេះគឺជាការបិទរដ្ឋាភិបាលអាមេរិក លើកដំបូងហើយចាប់តាំងពីឆ្នាំ២០១៨មក។
ការបិទរដ្ឋាភិបាលនៅទីក្រុងវ៉ាស៊ីនតោន កាន់តែក្លាយជារឿងធម្មតាទៅហើយ ដោយនៅក្នុងអាណត្តិប្រធានាធិបតីលើកដំបូងឆ្នាំ២០១៨ របស់លោក Trump បានឃើញមាន ៣ករណីបែបនេះ។ នោះរាប់បញ្ចូលទាំងការបិទរដ្ឋាភិបាលដ៏យូរបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលមានរយៈពេល ៣៥ថ្ងៃ រហូតដល់ដើមឆ្នាំ២០១៩។
មិនទាន់មានផ្លូវច្បាស់លាស់សម្រាប់ដំណោះស្រាយលើការបិទរដ្ឋាភិបាលនេះទេ ដោយភាគីទាំងពីរក្នុងសភា -ទាំងអ្នកសាធារណរដ្ឋ និងអ្នកប្រជាធិបតេយ្យ- មានគំនិតផ្ទុយគ្នាពីវិធីដោះស្រាយភាពជាប់គាំងលើកញ្ចប់ចំណាយ។ គួរឱ្យដឹងថា គណបក្សសាធារណៈរដ្ឋរបស់លោក Trump គ្រប់គ្រងសភាទាំងពីរ ប៉ុន្តែគេត្រូវការការគាំទ្រពីគណបក្សប្រជាធិបតេយ្យផងដែរ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់មួយនៅក្នុងព្រឹទ្ធសភា ដែលតម្រូវឱ្យមានការគាំទ្រ ៦០ សំឡេង៕