ក្រសួងការពារជាតិនៃទីក្រុង Copenhagen បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងដាក់ពង្រាយប្រព័ន្ធការពារប្រឆាំងយានដ្រូនទៅកាន់ប្រទេសដាណឺម៉ាក ខណៈប្រទេសនេះធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលរបស់សហភាពអឺរ៉ុបក្នុងសប្តាហ៍នេះ បន្ទាប់ពីរលកនៃការមើលឃើញយានដ្រូនដែលបានបង្ខំឱ្យបិទអាកាសយានដ្ឋានជាច្រើនកន្លែងនៅទូទាំងប្រទេសអារ៉ុបខាងជើង។
ចំណាត់ការនេះធ្វើឡើងបន្ទាប់ពីអាកាសយានដ្ឋាន Copenhagen ដែលមមាញឹកបំផុតនៅអឺរ៉ុបខាងជើងត្រូវបានបិទរយៈពេលជាច្រើនម៉ោងកាលពីសប្តាហ៍មុន រួមជាមួយនឹងអាកាសយានដ្ឋានតូចៗជាច្រើនកន្លែងទៀតបន្ទាប់ពីមានរបាយការណ៍អំពីយានដ្រូនច្រើនគ្រឿងស្ថិតនៅក្នុងដែនអាកាសរបស់ខ្លួន។ យានដ្រូនក៏ត្រូវបានគេប្រទះឃើញនៅលើទីតាំងយោធារបស់ប្រទេសដាណឺម៉ាក ទោះបីជាពុំមានឧបទ្ទវហេតុថ្មីត្រូវបានគេរាយការណ៍ចាប់តាំងពីថ្ងៃទី២៧ ខែកញ្ញា ក៏ដោយ។ មន្ត្រីប្រទេសដាណឺម៉ាក បានបង្ហាញការព្រួយបារម្ភថា សកម្មភាពនេះអាចជាប់ពាក់ព័ន្ធទៅនឹងការឃ្លាំមើលរបស់រុស្ស៊ី និងបានព្រមានពីការគំរាមកំហែងកូនកាត់ប្រឆាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ប្រទេសហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហូឡង់ ន័រវេស ប៉ូឡូញ និងប្រទេសស៊ុយអែត ក៏បានដាក់ពង្រាយប្រព័ន្ធប្រឆាំងយានដ្រូនទៅកាន់ប្រទេសដាណឺម៉ាកក្នុងការដំណើរការកិច្ចប្រជុំកំពូល ដែលនឹងជួបប្រជុំមេដឹកនាំសហភាពអឺរ៉ុបជាង៤០រូប នៅថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។ ក្រសួងការពារជាតិបានសរសេរនៅលើបណ្តាញ X ថា «យើងមានក្តីរីករាយ និងអរគុណដែលសហរដ្ឋអាមេរិក បានគាំទ្រដល់ប្រទេសដាណឺម៉ាកក្នុងសមត្ថភាពប្រឆាំងយានដ្រូនពាក់ព័ន្ធនឹងកិច្ចប្រជុំកំពូល»។
ដើម្បីធានាបាននូវការជួបប្រជុំនេះ ប្រទេសដាណឺម៉ាក បានហាមឃាត់ការបង្ហោះយានដ្រូនស៊ីវិលទាំងអស់រហូតដល់ថ្ងៃសុក្រ ក្នុងបំណងកុំឱ្យយានដ្រូនបង្កអរិភាពមិនត្រូវគេច្រឡំថាជាយានដ្រូនស្របច្បាប់។