ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតដើម្បីបន្ថែមកងកម្លាំងសន្តិសុខអន្តរជាតិ ដែលត្រូវដាក់ពង្រាយនៅក្នុងប្រទេសហៃទី ហើយផ្លាស់ប្តូរទៅជា «កងកម្លាំងបង្ក្រាបក្រុមជនអន្ធពាល»។
សេចក្តីសម្រេចដែលត្រូវបានអនុម័តដោយក្រុមប្រឹក្សាកាលពីថ្ងៃអង្គារ ផ្តល់អាណត្តិច្បាស់លាស់សម្រាប់កម្លាំងដើម្បីធ្វើការជាមួយអាជ្ញាធរតំបន់ដើម្បី «បំផ្លាញ ដាក់ឲ្យនៅ៝កោ និងរារាំង» ក្រុមជនអន្ធពាល ធានាបានហេដ្ឋារចនាសម្ព័ន្ធ និងស្វែងរកការធានាស្ថិរភាពស្ថាប័ន។ សេចក្តីសម្រេចនេះនឹងបង្កើនបុគ្គលិកពី ចំនួន២.៥០០នាក់នៅក្នុងបេសកកម្មបច្ចុប្បន្នដែលត្រូវបានអនុម័តលើកដំបូងកាលពីឆ្នាំ២០២៣ ដល់ ៥.៥៥០នាក់។
សេចក្តីសម្រេចនេះ ក៏ស្នើសុំឱ្យអគ្គលេខាធិការអង្គការសហប្រជាជាតិ បង្កើតការិយាល័យគាំទ្ររបស់អង្គការសហប្រជាជាតិនៅប្រទេសហៃទី ដើម្បីផ្តល់ការគាំទ្រផ្នែកដឹកជញ្ជូនដែលកើនឡើង ក្នុងពេលមានវិបត្តិសន្តិសុខ មនុស្សធម៌ និងនយោបាយ កើតមានក្នុងពេលតែមួយនៅក្នុងប្រទេសតំបន់ការ៉ាអ៊ីបមួយនេះ។
អ្នកតំណាងប្រទេសប៉ាណាម៉ាប្រចាំនៅអង្គការសហប្រជាជាតិ លោក Eloy Alfaro De Alba បាននិយាយក្រោយការបោះឆ្នោតថា «លទ្ធផលថ្ងៃនេះ អនុញ្ញាតឱ្យយើងមានការកំណត់រចនាសម្ព័ន្ធចាំបាច់នៅលើមូលដ្ឋាន ដើម្បីប្រឈមនឹងក្រុមអន្ធពាល ដោះស្រាយស្ថានភាពអសន្តិសុខនៅក្នុងប្រទេស»។