ប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក Volodymyr Zelenskyy បានព្រមានថា ស្ថានភាពនៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia «ធ្ងន់ធ្ងរខ្លាំង» ខណៈរោងចក្រនេះ គ្មានថាមពលរយៈពេលប្រាំពីរថ្ងៃមកហើយ។ លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាកាលពីថ្ងៃអង្គារថា «វាគ្មានថាមពលរយៈពេលប្រាំពីរថ្ងៃហើយ ហើយពុំដែលកើតមានរឿងបែបនេះទេពីមុនមក»។
លោក Zelenskyy និយាយថា ម៉ាស៊ីនម៉ាស៊ូតមួយក្នុងចំណោមម៉ាស៊ីនម៉ាស៊ូតច្រើនគ្រឿង ដែលផ្តល់ថាមពលបន្ទាន់ដល់រោងចក្រ លែងដំណើរការហើយ មួយសប្តាហ៍បន្ទាប់ពីបណ្តាញថាមពលខាងក្រៅបានបាក់ធ្លាក់។ មេដឹកនាំអ៊ុយក្រែនរូបនេះនិយាយថា «ការបាញ់ផ្លោងរបស់រុស្ស៊ី បានកាត់ផ្តាច់រោងចក្រចេញពីបណ្តាញអគ្គិសនី»។
វាជាលើកទី១០ ចាប់តាំងពីការចាប់ផ្តើមសង្រ្គាម ដែលរោងចក្រធំបំផុតនៅអឺរ៉ុបនេះ ត្រូវបានផ្តាច់ចេញពីបណ្តាញអគ្គិសនី។ ប្រទេសរុស្ស៊ី បានដណ្តើមកាន់កាប់រោងចក្រ Zaporizhzhia ក្នុងសប្តាហ៍ដំបូងនៃសង្រ្គាម ហើយម៉ាស៊ីនរ៉េអាក់ទ័រចំនួន៦គ្រឿងរបស់រោងចក្រកាលពីពេលមុនជម្លោះផលិតបានប្រហែលមួយភាគប្រាំនៃអគ្គិសនីរបស់ប្រទេសអ៊ុយក្រែន ត្រូវបានបិទបន្ទាប់ពីទីក្រុងមូស្គូបានចូលកាន់កាប់។