យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយម៉ិកស៊ិកបានឲ្យដឹងថា ការងារសម្អាត និងបង្ហូរទឹក បានចាប់ផ្តើមកាលពីថ្ងៃអង្គារ ទី៣០ ខែកញ្ញា ដើម្បីសម្អាតទឹកជំនន់ចេញពីដងផ្លូវនានានៅជាយក្រុង Mexico City បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ ភ្លៀងធ្លាក់ខ្លាំង កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ បានបង្កការខូចខាត និងបង្ខំឲ្យអ្នកស្រុកមួយចំនួនចាកចេញពីលំនៅឋានរបស់ពួកគេនៅក្រុង Nezahualcoyotl ក្នុងរដ្ឋម៉ិកស៊ិក។
អ្នកស្រុកដែលត្រូវបានសម្ភាសន៍ដោយសារព័ត៌មាន Reuters បានរៀបរាប់ពីការបាត់បង់ដែលពួកគេបានទទួលរងបន្ទាប់ពីកម្រិតទឹកជំនន់ហក់ឡើងដល់ប្រហែល១,១ម៉ែត្រ។ អភិបាលក្រុង លោក Adolfo Cerqueda បានប្រកាសនៅលើបណ្តាញ X កាលពីថ្ងៃអង្គារថា អាជ្ញាធរ បានចាប់ផ្តើមការងារបោសសម្អាត និងបាញ់ថ្នាំសម្លាប់មេរោគពីលំនៅឋានមួយទៅលំនៅឋានមួយ។
ប្រធានគណៈកម្មការទឹកជាតិ លោក Efraín Morales បាននិយាយថា កាលពីថ្ងៃសៅរ៍ បានជួបប្រទះភ្លៀងធ្លាក់ខ្លាំងបំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ហើយខ្លាំងបំផុតនៅក្នុងតំបន់ទីប្រជុំជន។ លោក Morales បាននិយាយបន្ថែមថា ទឹកភ្លៀងកម្រិត៧៥មីលីម៉ែត្រ បានធ្លាក់ ដែលបង្កឲ្យមានទឹកជំនន់ ដោយសារតែសំរាមនៅកកកុញ និងហេដ្ឋារចនាសម្ព័ន្ធខូច។