ព្យុះទីហ្វុង Bualoi និងភ្លៀងធ្លាក់ជាបន្តបន្ទាប់ លាយឡំទឹកជំនន់ បានបណ្តាលឱ្យមនុស្សយ៉ាងតិច ២៩នាក់ស្លាប់ មួយចំនួនបន្តបាត់ខ្លួន និងជាង ១០០នាក់ បានរងរបួសនៅទូទាំងភាគខាងជើង រហូតដល់តំបន់កណ្តាល នៃប្រទេសវៀតណាម គិតត្រឹមល្ងាចថ្ងៃអង្គារ ទី៣០ ខែកញ្ញា នេះបើយោងតាមអាជ្ញាធរក្នុងតំបន់ និងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ។
ភ្លៀងធ្លាក់យ៉ាងទូលំទូលាយ បូករួមនឹងផ្គររន្ទះត្រូវបានព្យាករទុកនៅទូទាំងប្រទេសវៀតណាម នៅថ្ងៃពុធ ទី១ ខែតុលា នេះ ដោយអាជ្ញាធរបានព្រមានពីហានិភ័យខ្ពស់នៃទឹកជំនន់យ៉ាងគំហុក បំណាក់ដី និងការជន់លិចនៅតំបន់ទំនាប។
យោងតាមមជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករធនធានជលសាស្ត្ររបស់ប្រទេសនេះ បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនោះ បានរុញកម្ពស់ទឹកឱ្យឡើងខ្លាំងយ៉ាងគ្រោះថ្នាក់នៅក្នុងទន្លេសំខាន់ៗ ទាំងនៅភាគខាងជើង និងប៉ែកភាគកណ្តាល។
ក្រុមមន្រ្តីបាននិយាយថា លំនៅឋានជាង ១៥ម៉ឺនខ្នង ត្រូវបានបំផ្លាញ ខូចខាត ឬជន់លិច ខណៈស្រូវ និងដំណាំផ្សេងទៀតជាង ២៦.៦០០ហិកតា ត្រូវបានបំផ្លាញ។ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chính បានបញ្ជាឱ្យមានវិធានការជាបន្ទាន់ ដើម្បីជម្នះផលវិបាកជាបន្តបន្ទាប់ដែលបង្កឡើងដោយព្យុះទីហ្វុង Bualoi ដ៏កំណាចនោះ៕