កងកម្លាំងសន្តិសុខបានប៉ះទង្គិចជាមួយហ្វូងបាតុករ ដោយបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកក្រុមយុវជនតវ៉ារាប់រយនាក់ នៅក្នុងរដ្ឋធានីប្រទេសម៉ាដាហ្គាស្ការ ដែលបានចេញដើរតាមដងផ្លូវជាថ្មីម្តងទៀតកាលពីថ្ងៃអង្គារ (៣០ កញ្ញា) បើទោះបីជាប្រធានាធិបតី បានយល់ព្រមតាមការទាមទារមួយផ្នែករបស់ពួកគេ ដោយការរំលាយរដ្ឋាភិបាលក៏ដោយ។
ប្រធានាធិបតីម៉ាដាហ្គាស្ការ លោក Andry Rajoelina បានថ្លែងលើកញ្ចក់ទូរទស្សន៍រដ្ឋកាលពីល្ងាចថ្ងៃចន្ទថា លោកចង់បង្កើតឱកាសសម្រាប់ការសន្ទនាជាមួយបាតុករ ដែលកំហឹងរបស់ពួកគេបង្កឡើងដោយសារកង្វះទឹក និងដាច់ចរន្តអគ្គិសនីញឹកញាប់ពេក ហើយបានសន្យាថា លោកនឹងចាត់វិធានការដើម្បីជួយដល់អាជីវកម្មដែលប៉ះពាល់ក្នុងការតវ៉ា។
អ្នករៀបចំការតវ៉ាមួយចំនួនបាននិយាយថា ពួកគេខកចិត្តចំពោះសុន្ទរកថារបស់លោក Rajoelina ហើយបានទាមទារការសូមអភ័យទោសពីលោក និងពីនាយករដ្ឋមន្ត្រីដែលត្រូវបានបណ្តេញចេញពីតំណែង ក្នុងចំណោមការទាមទារមួយចំនួនទៀត។
អង្គការសហប្រជាជាតិនិយាយថា មនុស្សយ៉ាងតិច ២២នាក់ បានស្លាប់ និងជាង ១០០នាក់ រងរបួស នៅក្នុងការតវ៉ាដែលបានចាប់ផ្តើមកាលពីសប្តាហ៍មុន ហើយឥឡូវនេះគឺឈានចូលថ្ងៃទី៤ ហើយ។ ក្រសួងការបរទេសម៉ាដាហ្គាស្ការ បានច្រានចោលតួលេខនេះ ដោយនិយាយថា ទិន្នន័យនេះមិនមែនមកពីអាជ្ញាធរជាតិមានសមត្ថកិច្ចទេ ហើយផ្អែកលើពាក្យចចាមអារ៉ាម ឬព័ត៌មានមិនពិតតែប៉ុណ្ណោះ៕