ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បាននិយាយនៅថ្ងៃពុធ (១ តុលា) នេះថា ថវិកាការពារជាតិរបស់ទីក្រុងសេអ៊ូល សម្រាប់ឆ្នាំ២០២៦ នឹងត្រូវបង្កើនយ៉ាងធំក្នុងអត្រា ៨,២% ដល់ចំនួន ៦៦,៣ សែនកោដិវ៉ុន (ប្រមាណ ៤៧,១ ពាន់លានដុល្លារអាមេរិក) ដោយបន្ថែមថា សន្តិភាពអាចកើតឡើង តែនៅលើមូលដ្ឋានសន្តិសុខដ៏រឹងមាំប៉ុណ្ណោះ។
ថ្លែងក្នុងថ្ងៃទិវាកងកម្លាំងប្រដាប់អាវុធរបស់កូរ៉េខាងត្បូង លោក Lee ដោយបានលើកឡើងពីសារៈសំខាន់នៃសមត្ថភាពការពារជាតិ ដោយនិយាយថា "សន្ទុះសម្រាប់កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមគ្នាកំពុងចុះខ្សោយនៅទូទាំងពិភពលោក ហើយគ្រប់គ្នាកំពុងឈានចូលដល់យុគសម័យនៃជម្លោះកើនឡើង ហើយក៏ជាពេលវេលាដែលខ្លួនទីពឹងខ្លួន"។

លោកបន្តថា "ដើម្បីធានាបាននូវសន្តិភាព និងវិបុលភាពសម្រាប់សាធារណរដ្ឋកូរ៉េ (ឈ្មោះពេញរបស់កូរ៉េខាងត្បូង) នោះប្រទេសជាតិមិនត្រូវពឹងលើអ្នកដ៏ទៃទេ គឺត្រូវពង្រឹងអំណាចរបស់ខ្លួន"។ លោក Lee បន្ថែមថា ថវិកាការពារជាតិនៅឆ្នាំក្រោយ នឹងមើលឃើញកំណើន "គួរឱ្យកត់សម្គាល់" លើការវិនិយោគបច្ចេកវិទ្យាទំនើបៗ ដូចជាយានដ្រូន និងរូបយន្តរ៉ូបូតជាដើម។
មេដឹកនាំកូរ៉េខាងត្បូង ដែលកំពុងប្រឹងប្រែងស្ដារទំនាក់ទំនងជាមួយកូរ៉េខាងជើងរូបនេះ បាននិយាយថា ការចំណាយលើវិស័យការពារជាតិរបស់ទីក្រុងសេអ៊ូល គឺមានចំនួន ១,៤ ដងរួចទៅហើយ នៃផលិតផលក្នុងស្រុកសរុប GDP របស់កូរ៉េខាងជើង៕


