ភ្នំពេញ៖ ធនាគារពិភពលោក៖ កម្ពុជាអាចស្តារសេដ្ឋកិច្ចឱ្យមានកំណើនទៀងទាត់ឡើងវិញ បានតាមរយៈការបង្កើនផលិតភាពរបស់ក្រុមហ៊ុន និងពលករ, ពង្រីកពិពិធភាពក្នុងផ្នែកនាំចេញ និងចាត់វិធានការនានាឈានទៅជំរុញការវិនិយោគក្នុងស្រុកថែមទៀត។
នៅក្នុងជំនួយស្មារតីមួយ ស្តីពីស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២កន្លងទៅ ធនាគារពិភពលោក បានលើកឡើងបន្តថា កម្ពុជាធ្លាប់សម្រេចបានកំណើនសេដ្ឋកិច្ចក្នុងអត្រាជាមធ្យម ៧,៧ភាគរយក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ១៩៩៥ ដល់ឆ្នាំ២០១៩ ប៉ុន្តែអត្រានេះ បានស្រុតចុះយ៉ាងគំហុកអស់ចំនួនជាង ១០ភាគរយ ធ្វើឱ្យទំហំសេដ្ឋកិច្ចរួមមាឌអស់ ឬដក ៣,១ភាគរយ ក្នុងឆ្នាំ២០២០ មុននឹងរើបឡើងវិញសន្សឹមៗរហូតបានកំណើន ២,២ភាគរយនាដំណាច់ឆ្នាំកន្លងទៅ។
លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា ការងាកទៅរកគន្លងផ្លូវឆ្ពោះទៅមានកំណើនដោយចរីភាពវិញ ចាំបាច់ត្រូវការរបៀបវារៈកែទម្រង់ប្រកបដោយមហិច្ឆតាមួយ ដែលផ្តោតការយកចិត្តទុកដាក់លើការបង្កើនសមត្ថភាពរបស់ក្រុមហ៊ុនពលករ និងក្រុមគ្រួសារនៅកម្ពុជា,ពង្រឹងបទប្បញ្ញត្តិ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពបំភ្លៃលើទីផ្សារ និងកែលម្អបរិយាកាសធ្វើធុរកិច្ច និងការវិនិយោគថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធដែលទ្រទ្រង់ដល់កំណើនប្រកបដោយគុណភាព។
លោកស្រីបន្តថា ចំណាត់ការគោលនយោបាយរយៈពេលខ្លី និងមធ្យមមួយចំនួន អាចមានប្រយោជន៍ដល់យុទ្ធសាស្ត្រាស្តារសេដ្ឋកិច្ច ដែលនឹងអនុញ្ញាតឱ្យកម្ពុជាអាចកសាងសេដ្ឋកិច្ចបានមកវិញកាន់តែរឹងមាំថែមទៀតនៅក្រោយសម័យមានវិបត្តិកូវីដ-១៩។
ធនាគារពិភពលោក បានបញ្ជាក់ថា កម្ពុជាមានជម្រើសច្រើនសម្រាប់ដោះស្រាយបញ្ហាខ្វះពិពិធកម្មក្នុងសេដ្ឋកិច្ច និងសម្រាប់កសាងឡើងវិញ ឱ្យកាន់តែប្រសើរជាងមុន។
ការវិនិយោគទៅលើធនធានមនុស្ស,ការធ្វើឱ្យការបែងចែកធនធានឱ្យកាន់ តែមានប្រសិទ្ធផល តាមរយៈការកែលម្អសមត្ថភាពស្ថាប័នទីផ្សារ និងការបង្កើនការគ្រប់គ្រងការវិនិយោគសាធារណៈទាំងអស់នេះស្ថិតក្នុងចំណោមជម្រើសដែលអាចជួយជំរុញផលិតភាពក្នុងសេដ្ឋកិច្ច។ ការបង្កើនការរួមចំណែករបស់ខ្លួនទៅក្នុងខ្សែច្រវាក់តម្លៃសាកល, ការបង្កើតតម្លៃបន្ថែមក្នុងវិស័យកសិកម្ម និងការពង្រីកភាពប្រកួតប្រជែងនៅក្នុងវិស័យសេវាកម្ម ក៏នឹងអាចជួយធ្វើឱ្យ ការនាំចេញកាន់តែមានភាពសម្បូវបែបផងដែរ។
សូមបញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេ ផលិតផលចំនួន ៥មុខ រួមមានវិស័យកាត់ដេរ, ស្បែកជើង, អង្ករ, ដំឡូងមី និងទេសចរណ៍ មានទំហំ ៨០ភាគរយ នៃទំហំនាំចេញសរុបរបស់កម្ពុជា ប៉ុន្តែនៅក្នុងនោះមានទីផ្សារធំតែ២ប៉ុណ្ណោះគឺសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលស្រូបយក ៦៩ភាគរយ នៃបរិមាណទំនិញនាំចេញទាំងនោះ៕អត្ថបទ៖ បូរ៉ាវី
