ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ការប៉ះទង្គិចគ្នាដោយហិង្សា បានផ្ទុះឡើង នៅក្នុងទីក្រុងជាច្រើនរបស់ប្រទេសម៉ារ៉ុកកាលពីល្ងាចថ្ងៃអង្គារ រវាងយុវជន និងកងកម្លាំងសន្តិសុខ បន្ទាប់ពីមានការតវ៉ាជាច្រើនថ្ងៃ ដោយអំពាវនាវឲ្យមានកំណែទម្រង់ក្នុងវិស័យសុខភាពសាធារណៈ និងវិស័យអប់រំ។
វីដេអូដែលត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានដែលកាសែត AFP មិនអាចផ្ទៀងផ្ទាត់បាន បានបង្ហាញឲ្យឃើញក្រុមបាតុករពាក់ម៉ាស់ នៅក្នុងទីក្រុង Inezgane ជិតទីក្រុង Agadir ដោយគប់ដុំថ្មទៅលើនគរបាល ដុតភ្លើងនៅជិតមជ្ឈមណ្ឌលលក់ទំនិញ និងបំផ្លាញការិយាល័យប្រៃសណីយ៍ក្នុងតំបន់។

ទិដ្ឋភាពស្រដៀងគ្នានេះ ត្រូវបានគេរាយការណ៍ថា នៅជិតទីក្រុង Ait Amira នៅកណ្តាលទីក្រុង Beni Mellal ប្រទេសម៉ារ៉ុក និងនៅទីក្រុង Oujda ភាគឦសាន។
ពុំទាន់ដឹងថា មានរបួសឬអត់ទេ។
ការតវ៉ាដែលដឹកនាំដោយយុវជន ត្រូវបានផ្តួចផ្តើមឡើងដោយសមូហភាពមួយដែលគេស្គាល់ថា «GenZ 212» ដែលស្ថាបនិករបស់ពួកគេ នៅមិនទាន់មានអ្នកស្គាល់។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះកាលពីល្ងាចថ្ងៃអង្គារនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ក្រុមនេះបាន សម្តែងការសោកស្ដាយចំពោះអំពើកុបកម្ម ឬការបំផ្លិចបំផ្លាញដែលប៉ះពាល់ដល់ទ្រព្យសម្បត្តិ សាធារណៈ ឬឯកជន៕
