គេហទំព័រ Axios បានរាយការណ៍ថា អេហ្ស៊ីប កាតា និង ទួរគី កំពុងអំពាវនាវឲ្យចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ទទួលយកសំណើចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក សម្រាប់ការបញ្ឈប់សង្រ្គាមនៅតំបន់ហ្កាហ្សា។
ប្រភពពីរដែលដឹងអំពីកិច្ចចរចានេះ បានប្រាប់គេហទំព័រព័ត៌មានអាមេរិកថា នៅល្ងាចថ្ងៃច័ន្ទ ព័ត៌មានលម្អិតនៃផែនការសន្តិភាពតំបន់ហ្កាហ្សាដាក់ចេញដោយប្រធានាធិបតីអាមេរិក Donald Trump ត្រូវបានបង្ហាញដល់មេដឹកនាំក្រុមហាម៉ាស នៅទីក្រុងដូហា ដោយនាយករដ្ឋមន្ត្រីកាតាលោក Mohammed bin Abdulrahman al-Thani និងប្រធានស៊ើបការណ៍អេហ្ស៊ីបលោក Hassan Rashad ។ ពួកគេទាំងពីរបានជំរុញឲ្យក្រុមហាម៉ាសផ្តល់ការឆ្លើយតបជាវិជ្ជមានចំពោះសំណើរបស់សហរដ្ឋអាមេរិក។ គេហទំព័រ Axios បានបន្ថែមថា មន្ត្រីជាន់ខ្ពស់របស់ក្រុមហាម៉ាស បាននិយាយថា ពួកគេនឹងសិក្សាពីគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក «ដោយផ្តល់សេចក្តីជំនឿ» ។

នៅថ្ងៃទី ២៩ ខែកញ្ញា សេតវិមាន បានចេញផ្សាយផែនការទូលំទូលាយ ២០ ចំណុចរបស់មេដឹកនាំអាមេរិក ដើម្បីបញ្ចប់ជម្លោះហ្កាហ្សា ។ រដ្ឋបាលរបស់លោក Trump មិនស្រមៃមើលការបញ្ចូលឬការកាន់កាប់ណាមួយនៃដែនដីប៉ាឡេស្ទីនដោយអ៊ីស្រាអែលទេ ប៉ុន្តែស្នើឲ្យដាក់ពង្រាយ «កងកម្លាំងស្ថិរភាពអន្តរជាតិបណ្តោះអាសន្ន»នៅទីនោះ។ រដ្ឋបាលនេះ ក៏ស្នើឲ្យបង្កើតអភិបាលកិច្ចខាងក្រៅដោយមានការចូលរួមពីអន្តរជាតិសម្រាប់តំបន់ហ្កាហ្សា ក្នុងអំឡុងពេលអន្តរកាល។ រដ្ឋបាលអាមេរិក មិនបានគិតគូរពីការបង្ខំឲ្យផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ហ្កាហ្សាស្ទ្រីប។ ទោះបីជាយ៉ាងណាក៏ដោយ វានិយាយថាក្រុមហាម៉ាស នឹងត្រូវបានរារាំងមិនឲ្យចូលរួម ក្នុងការគ្រប់គ្រងតំបន់ហ្កាហ្សាក្រោយសង្គ្រាមនោះទេ៕
