សម្តេច ប៉ាប ឡេអូ (Pope Leo) កាលពីថ្ងៃអង្គារ (ទី៣០ ខែកញ្ញា) បានសរសើរផែនការសន្តិភាព ២០ចំណុចរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump សម្រាប់តំបន់ហ្កាហ្សា ហើយព្រះអង្គបានបង្ហាញក្តីសង្ឃឹមថា ក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នឹងយល់ព្រមគាំទ្រ។
សម្តេច ប៉ាប ត្រូវបានដកស្រង់ព្រះបន្ទូលដោយទីភ្នាក់ងារសារព័ត៌មាន ANSA របស់ប្រទេសអ៊ីតាលី ដែលបានមានបន្ទូលថា៖ «មានចំណុចគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ នៅក្នុងផែនការនេះ។ ខ្ញុំសង្ឃឹមថា ក្រុមហាម៉ាស នឹងទទួលយកវាតាមពេលវេលាដែលបានកំណត់»។

គួរបញ្ជាក់ថា ក្រុមហាម៉ាសមិនមែនជាផ្នែកនៃកិច្ចពិភាក្សាដែលនាំទៅដល់សំណើអំពាវនាវឲ្យក្រុមនេះទម្លាក់អាវុធ ជាការទាមទារដែលក្រុមបានបដិសេធពីមុន។ ក្រុមនេះបានបញ្ជាក់ថា ខ្លួននឹងពិនិត្យមើលផែនការនេះដោយសុទ្ធចិត្ត និងផ្តល់ការឆ្លើយតប។
សម្ដេច ឡេអូ បានមានបន្ទូលទៅកាន់អ្នកសារព័ត៌មាន ខណៈដែលព្រះអង្គកំពុងយាងចេញពីនិវេសនដ្ឋានរដូវក្តៅ Castel Gandolfo របស់ព្រះអង្គ ជាទីដែលសម្ដេចសង្ឃកាតូលិកអង្គនេះ បានយាងទៅជាទៀងទាត់។ ហើយជាមួយគ្នានេះ ព្រះអង្គក៏បានធ្វើអត្ថាធិប្បាយលើកងនាវាជំនួយអន្តរជាតិ ដែលកំពុងព្យាយាមនាំយកជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា និងដែលប្រឈមនឹងការវាយប្រហារដោយអ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខនេះ។
សម្តេច ប៉ាប បានមានបន្ទូលថា៖ «ពីគ្រប់ទិសទី មនុស្សកំពុងនាំគ្នានិយាយថា យើងសង្ឃឹមថា នឹងមិនមានអំពើហិង្សាកើតឡើង ហើយមនុស្សគ្រប់គ្នាត្រូវបានគោរព»៕


