ក្រុមហ៊ុនសាជីវកម្មអាកាសយានដ្ឋានកូរ៉េ (Korea Airports Corporation) ដែលគ្រប់គ្រងដោយរដ្ឋ បានឲ្យដឹងថា បុគ្គលិកព្រលានយន្តហោះកូរ៉េខាងត្បូង នឹងធ្វើកូដកម្មចាប់ពីថ្ងៃពុធ ទី១ ខែតុលានេះ។
តំណាងសហជីពកម្មករសេវា និងដឹកជញ្ជូនសាធារណៈកូរ៉េ ជាសហជីពមួយ ក្នុងចំណោមសហជីពដែលចូលរួមក្នុងកូដកម្មនេះ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា កម្មកររបស់សហជីព ២.៣០០នាក់ នៅអាកាសយានដ្ឋានចំនួន ១៥ របស់ប្រទេសនេះ កំពុងស្វែងរកការទទួលបានប្រាក់បៀវត្សរ៍ល្អប្រសើរ ថ្ងៃសម្រាកច្រើនជាងមុន និងលក្ខខណ្ឌការងារមានសុវត្ថិភាពជាងមុន។

អ្នកតំណាងរូបនេះបានប្រាប់សារព័ត៌មាន Reuters ថា បុគ្គលិកទាំងនោះនឹងបន្តធ្វើកូដកម្ម រហូតដល់ពួកគេឈានដល់កិច្ចព្រមព្រៀងជាមួយអ្នកគ្រប់គ្រង។ កូដកម្មនេះបានកើតឡើងស្របពេលដែលប្រជាជនកូរ៉េខាងត្បូងជាច្រើន ត្រូវធ្វើដំណើរទៅក្រៅប្រទេស ក្នុងអំឡុងពេលមានពិធីបុណ្យថ្លែងអំណរគុណរបស់ប្រទេស គឺ Chuseok ដែលនៅឆ្នាំ២០២៥ នេះ ត្រូវចូលមកដល់នៅដើមខែតុលានេះ។
យោងតាមសហជីព និងក្រុមសាជីវកម្មអាកាសយានដ្ឋានកូរ៉េ ដែលទទួលបន្ទុកប្រតិបត្តិការនៅអាកាសយានដ្ឋានទូទាំងប្រទេស បានឲ្យដឹងថា បុគ្គលិកធ្វើកូដកម្មទាំងនោះ គឺភាគច្រើនទទួលបន្ទុកលើការថែទាំទីកន្លែងព្រលានយន្តហោះ ដូចជាការសម្អាត រៀបចំរទេះ និងគ្រប់គ្រងចំណតរថយន្តជាដើម។
ហើយក្រុមសាជីវកម្មអាកាសយានដ្ឋាន បានបញ្ជាក់បន្ថែមថា បុគ្គលិកទទួលបន្ទុកសន្តិសុខអាកាសយានដ្ឋាន នឹងមិនចូលរួមកូដកម្មនេះនោះទេ ដូច្នេះ ការរំខានដល់ជើងហោះហើរនឹងមានតិចតួចប៉ុណ្ណោះ៕
