សារព័ត៌មានអង់គ្លេស The Guardian បានរាយការណ៍ដោយដកស្រង់សម្តីក្រុមអ្នកការទូតអឺរ៉ុបថា
មេដឹកនាំសហភាពអឺរ៉ុប កំពុងពិភាក្សាអំពីលទ្ធភាពនៃការផ្លាស់ប្តូរទិសដៅគោលនយោបាយការបរទេសរបស់ពួកគេ ឆ្ពោះទៅរកប្រទេសបេឡារុស។
យោងតាមព័ត៌មានរបស់ខ្លួន ការពិភាក្សាបឋម កំពុងដំណើរការនៅទីក្រុងប្រ៊ុចសែល ទាក់ទងនឹងការបន្តប្រសិទ្ធភាពនៃគោលនយោបាយដាក់ទីក្រុងMinskឲ្យនៅឯកោ។
អ្នកការទូតម្នាក់ក្នុងចំណោមអ្នកការទូតសហភាពអឺរ៉ុប បាននិយាយថា៖«សម្ពាធអតិបរិមា លើបេឡារុស មិនដំណើរការទេ។ បន្ទាប់ពីរយៈពេល ៥ឆ្នាំនៃភាពឯកោ យើងមិនបានសម្រេចគោលដៅដែលបានបញ្ជាក់នោះទេ។ បេឡារុស គឺកាន់តែខិតទៅជិតប្រទេសរុស្ស៊ី»។ ក្នុងពេលជាមួយគ្នានេះ លោកបានបង្ហាញថា ការទំនាក់ទំនងរបស់លោកខាងលិច ជាមួយលោកប្រធានាធិបតី Lukashenko មានដែនកំណត់របស់វា៕

