ភ្នំពេញ៖ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាលកម្ពុជា លោកជំទាវ ឱ វណ្ណឌីន បានបន្តអំពាវនាវយ៉ាងទទូចដល់ជនរួមជាតិទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្លាំងក្លាបន្ថែមទៀត ចំពោះវិធានការការពារនូវមេរោគកូវីដ១៩ ខណៈមេរោគបំប្លែងថ្មី អូមេក្រុងវាបន្តកើនឡើងជារៀងរាល់ថ្ងៃ បើទោះបីជាមេរោគប្រភេទថ្មីនេះ វាមិនបណ្តាលឲ្យយើងជួបផលប៉ះពាល់ខ្លាំងយ៉ាងណាក៏ដោយ។
តាមរយៈសារសំឡេង ដែលបានផ្ញើជូនដល់បងប្អូនជនរួមជាតិ នាថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា នាពេលបច្ចុប្បន្ន ក៏ដូចជាក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ មានបងប្អូនមួយចំនួននៅមានការធ្វេសប្រហែសនៅឡើយចំពោះវិធានការទប់ស្កាត់ នូវការរីករាលដាលនៃមេរោគកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មីប្រភេទអូមីក្រុងនេះតែម្តង។ ដូច្នេះក្នុងនាមក្រសួងសុខាភិបាល លោកជំទាវ បានជំរុញឲ្យបងប្អូនជនរួមជាតិទាំងអស់ខិតខំអនុវត្តន៍បានគ្រប់ៗគ្នា ដើម្បីបង្ការខ្លួនឲ្យរួចផុតពីការរីករាលដាលនូវមេរោគនេះ រួមទាំងដើម្បីសុខភាពសាធារណៈផងដែរ។
តាមរយៈសារសំឡេងនេះដែរ លោកជំទាវ ឱ វណ្ណឌីន ក្នុងនាម ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេសបានអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ដែលពុំទាន់បានចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤ គប្បីប្រញាប់ទៅចាក់ឲ្យបានគ្រប់ៗគ្នា ខណៈកន្លែងចាក់មាននូវតាមមណ្ឌលនានា ក្បែរផ្ទះរបស់បងប្អូន ដោយការជំរុញឲ្យមានការចាក់នូវដូសទី៤នេះ គឺវានឹងជួយដល់បងប្អូនឲ្យមានភាពស៊ាំបានយ៉ាងខ្លាំងក្លានៅក្នុងសហគមន៍ និងបង្កើនអង់ទីគ័រមិនឲ្យមានសភាពធ្ងន់ធ្ងរនៃជំងឺផងដែរ។
សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ប្រទេសកម្ពុជាមានការរីករាលដាលនូវមេរោគកូវីដ១៩ បំប្លែងថ្មីប្រភេទអូមីក្រុងចំនួន ៤៦១ករណីហើយ ទាំងការនាំចូល និងឆ្លងតាមសហគមន៍នោះ ។ យ៉ាងណាក៏ដោយមេរោគប្រភេទអូមីក្រុងនេះ ពុំបណ្តាលឲ្យមានអ្នកជំងឺណាម្នាក់បាត់បង់ជីវិតនោះឡើយ រហូតដល់សព្វថ្ងៃនេះ៕អត្ថបទ៖ បាន ចក់
