ប្រទេសអ៊ីតាលី កាលពីថ្ងៃអង្គារ (ទី៣០ ខែកញ្ញា) បានឲ្យដឹងថា ខ្លួននឹងបញ្ឈប់ការតាមកងនាវាចរអន្តរជាតិដែលព្យាយាមដឹកជំនួយទៅកាន់តំបន់ហ្កាហ្សា ដោយនាវាយោធា ជាការសម្រេចដែលធ្វើឲ្យសកម្មជនងាយរងគ្រោះ ដោយសារកងកម្លាំងអ៊ីស្រាអែល។
ក្រុមផ្ដល់ជំនួយតាមនាវា Global Sumud Flotilla ដែលមានទូកជនស៊ីវិលជាង ៤០គ្រឿងដឹកមនុស្សជាង ៥០០នាក់ ក្នុងនោះមានរួមទាំងសមាជិកសភា មេធាវី និងអ្នកធ្វើយុទ្ធនាការអាកាសធាតុជនជាតិស៊ុយអែត នាង Greta Thunberg ផងដែរ មានបំណងជម្នះការរាំងខ្ទប់មិនឲ្យចូលដែនដីប៉ាឡេស្ទីន ពីសំណាក់អ៊ីស្រាអែល។

ក្រសួងការពារជាតិអ៊ីតាលី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅពេលដែលក្បួននាវាចូលទៅក្នុងរង្វង់ចម្ងាយ ១៥០ម៉ាយល៍ណត់ (២៧៨គីឡូម៉ែត្រ) ពីច្រាំងសមុទ្ររបស់តំន់ហ្កាហ្សា នាវាចម្បាំងអ៊ីតាលីដែលអមដំណើរនាវាទាំងនោះ នឹងឈប់ធ្វើនាវាចរណ៍ ដោយបានបន្ថែមថា ខ្លួនរំពឹងថា ការបញ្ឈប់នោះនឹងកើតឡើងនៅម៉ោងប្រហែល ០០:០០ ម៉ោងកសល។
អ៊ីតាលីបានជំរុញឲ្យសមាជិកកងនាវាជំនួយទទួលយកសំណើសម្របសម្រួលមួយ ដើម្បីទម្លាក់ជំនួយនៅក្នុងកំពង់ផែរបស់ប្រទេសកោះស៊ីប និងជៀសវាងការប្រឈមមុខដាក់គ្នាជាមួយកងកម្លាំងអ៊ីស្រាអែល។ អ្នកតំណាងរបស់ក្រុមនៃកងនាវាផ្ដល់ជំនួយ បានបដិសេធម្តងហើយម្តងទៀតនូវការស្នើនេះ៕

