សាកសពរុំកំណាត់ត្រូវបានគេមើលឃើញតម្រៀបលើដីនៅខេត្ត Cebu ក្រោយការរញ្ជួយដីកម្រិត ៦,៩រ៉ិចទ័រ បានវាយប្រហារតំបន់ភាគខាងកណ្តាលហ្វីលីពីន ខណៈដែលប្រជាពលរដ្ឋមានទុក្ខព្រួយ នាំគ្នាកាន់ទុក្ខមនុស្សជាទីស្រលាញ់របស់ពួកគេនៅថ្ងៃពុធនេះ ។
នៅទីក្រុង Bogo ស្ថិតក្នុងខេត្ត Cebu រថយន្តត្រូវបានគេមើលឃើញធ្វើដំណើរឆ្លងកាត់ផ្លូវប្រេះនៅតាមសំណង់អគារដែលរងការបំផ្លិចបំផ្លាញដោយអន្លើរ ក្រោយការរញ្ជួយដី ។

ក្រុមមន្រ្តីគ្រោះមហន្តរាយ និយាយថា ចំនួនមនុស្សស្លាប់ដោយសារការរញ្ជួយដីនេះ បានកើនឡើងដល់ ៦៩នាក់ ស្របពេលដែលក្រុមអាជ្ញាធរ បង្កើនកិច្ចខិតខំជួយសង្រ្គោះ ដើម្បីស្វែងរកអ្នករស់រាន បន្ទាប់ពីការរញ្ជួយដីមួយក្នុងចំណោមការរញ្ជួយដីដ៏ខ្លាំងក្លាយបំផុត បានអង្រួនប្រទេសហ្វីលីពីន ក្នុងរយៈពេល ១ទសវត្សរ៍កន្លងមកនេះ ។
ការរញ្ជួយដីរាក់ បានវាយប្រហារតំបន់ភាគកណ្តាលហ្វីលីពីនកាលពីយប់ថ្ងៃអង្គារកន្លងទៅ នៅជិតកោះ Cebu បណ្តាលឲ្យកាត់ផ្តាច់ចរន្តអគ្គិសនី និងធ្វើឲ្យខូចខាតអគារជាច្រើនខ្នង ។
គេនៅពុំទាន់ដឹងច្បាស់ភ្លាមៗនោះទេថាតើ មនុស្សប៉ុន្មាន កំពុងបាត់ខ្លួន នៅក្នុងការរញ្ជួយដីនេះ ខណៈដែលក្រុមជួយសង្រ្គោះ កំពុងព្យាយាមស្វែងរកអ្នករស់រាន ហើយទាហាន នគរបាល និងក្រុមស្ម័គ្រចិត្តស៊ីវិល ដោយមានការគាំទ្រពីសុនខហិតក្លិន ត្រូវបានដាក់ពង្រាយ ដើម្បីរុករកពីផ្ទះមួយទៅផ្ទះមួយ ដើម្បីស្វែងរកអ្នករស់រាន ៕
