ក្រុមនិស្សិតក្រិក និងបុគ្គលិកសាធារណៈ រួមទាំងគ្រូបង្រឿន និងនាវិក នាំគ្នាដង្ហែរក្បួននៅក្នុងទីក្រុងអាតែន និងទីក្រុងកំពង់ផែ Piraeuដែលជាផ្នែកមួយនៃបាតុកម្មរបស់ពួកគេប្រឆាំងនឹងកំណែទម្រង់ការងារស្នើសុំដែលនឹងអនុញ្ញាតឲ្យនិយោជិកធ្វើការរហូតដល់រយៈពេល ១៣ម៉ោង ក្នុង ១ថ្ងៃ ជាមួយនឹងប្រាក់ក្រៅម៉ោង ៤០ភាគរយ ។
ស្របពេលដែលរដ្ឋាភិបាលនិយាយថា វិធានការនេះគឺជាជម្រើស និងត្រូវបានបង្កើតឡើងដើម្បីផ្តល់ឱកាសការងារបត់បែនខ្លាំងជាងមុននោះ ក្រុមសហជីព ជំទាស់ថា វាជាកាតព្វកិច្ចប្រកបដោយប្រសិទ្ធភាព ហើយនិងអាចធ្វើឲ្យអន្តរាយដល់សិទ្ធិកម្មករ ជាពិសេសសម្រាប់អ្នកដែលមានប្រាក់បៀវត្សរ៍ទាប ឬមុខតំណែងពុំច្បាស់លាស់ ។

ក្រុមបាតុករនាំគ្នាកាន់បដាមានសរសេរពាក្យ “ទាសភាពសាលារៀន ទាសភាពជីវិត” និងបានព្រមានពីផលប៉ះពាល់សង្គមនៃរយៈពេលធ្វើការយូរជាងមុនបែបនេះ ។
លោក Violeta Galanopoulou វ័យ ៤៣ឆ្នាំ គឺជាគ្រូបង្រៀនមួយរូប និងជាមេដឹកនាំក្រុមសហជីពគ្រូបង្រៀន និយាយថា លក្ខខណ្ឌការងារបែបនេះ នឹងធ្វើឲ្យឪពុកម្តាយហត់នឿយ គ្មានពេលសម្រាប់កូនៗរបស់ពួកគេ ។
នៅកំពង់ផែ Piraeus ជាទីដែលនាវាចម្លងបានផ្អាក លោក Apostolos Kypreos គឺជាអ្នកតំណាងសហជីព បានចាត់ទុកសេចក្តីស្នើច្បាប់នេះថាចម្លែក ហើយលោកនិយាយថា ការកាត់បន្ថយបុគ្គលិក និងកង្វះខាតវិធានការសុវត្ថិភាព នាំឲ្យនាវិក និងអ្នកដំណើរស្ថិតក្នុងហានិភ័យ ។
កូតកម្មនេះដែរ បានធ្វើឲ្យអាក់ខានដល់សេវាសាធារណៈនៅទូទាំងប្រទេសក្រិកផងដែរ ហើយនិងកើតមានឡើង ស្របពេលភាពរំជើបរំជួលខ្លាំងជាងមុន ជុំវិញលក្ខខណ្ឌប្រាក់បៀវត្សរ៍ និងលក្ខខណ្ឌការងារ ៕
