រដ្ឋាភិបាលតាលីបង់នៅថ្ងៃពុធនេះ បានច្រានចោលរបាយការណ៍នៃការហាមប្រាមអ៊ីនធឺណិតនៅទូទាំង ប្រទេសអាហ្វហ្គានីស្ថាន ដោយនិយាយថា ខ្សែកាបអុបទិកចាស់ បានខូចទាំងស្រុង ហើយកំពុងត្រូវបានផ្លាស់ប្តូរថ្មី។
ការប្រកាសនេះ គឺជាសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងរបស់ក្រុមតាលីបង់ ស្តីពីការដាច់ចរន្តទំនាក់ទំនង ដែលបានរំខានដល់ធនាគារ ពាណិជ្ជកម្ម និងអាកាសចរណ៍។

កាលពីខែមុន ខេត្តជាច្រើន បានបញ្ជាក់ពីការបិទអ៊ីនធឺណិតដោយសារតែក្រឹត្យរបស់មេដឹកនាំតាលីបង់ លោក Hibatullah Akhundzada ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើអសីលធម៌។
មន្ត្រីតាលីបង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍បីបន្ទាត់ នៅក្នុងក្រុមជជែក ជាមួយអ្នកកាសែតប៉ាគីស្ថានថា៖«មិនមានអ្វីដូចពាក្យចចាមអារ៉ាមដែលកំពុងរីករាលដាលថា យើងបានដាក់បម្រាមលើអ៊ីនធឺណិតនៅទេ»៕
