ជនប៉ាឡេស្ទីនជម្លៀសខ្លួននៅតំបន់ភាគកណ្តាលហ្កាហ្សា ត្រូវបានគេមើលឃើញនៅក្នុងសំពត់តង់លើចិញ្ចើមផ្លូវ និងនៅជិតមាត់សមុទ្រនាព្រឹកថ្ងៃពុធនេះ រយៈពេល ១ថ្ងៃ ក្រោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ទុករយៈពេល ៣-៤ថ្ងៃ ឲ្យក្រុមហាម៉ាសទទួលយកផែនការសន្តិភាពគាំទ្រដោយអាមេរិក សម្រាប់តំបន់ហ្កាហ្សា ។
លោក Trumpបានព្រមានពីការបញ្ចប់ដ៏ក្រៀមក្រំបំផុត បើសិនជាក្រុមជីវពលមួយនេះ ច្រានចោលសំណើដែលលោកនិយាយថា ជិតបញ្ចប់ជម្លោះរយៈពេល ២ឆ្នាំនេះ ។
ប្រទេសសម្របសម្រួលកាតា និងអេហ្ស៊ីប បានចែករំលែកផែនការ ២០ចំណុចជាមួយក្រុមហាម៉ាសកាលពីល្ងាចថ្ងៃចន្ទ ក្រោយនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បង្ហាញខ្លួនជាមួយលោក Trumpនៅឯសេតវិមាន ហើយនិងឯកភាពលើឯកសារដែលគេនិយាយថា បានបំពេញគោលបំណងសង្រ្គាមរបស់អ៊ីស្រាអែល ។

ក្រុមហាម៉ាស ពុំបានចូលរួមកិច្ចចរចាដែលនាំឲ្យមានសំណើមួយនេះឡើយ គឺជាសំណើមួយអំពាវនាវឲ្យក្រុមជីវពលអ៊ីស្លាមហាម៉ាស រំសាយអាវុធ គឺជាការទាមទារដែលពួកគេបានច្រានចោលកាលពីមុន ។
ទោះបីជាយ៉ាងណាក៏ដោយ មន្រ្តីមួយរូបនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ក្រុមហាម៉ាស នឹងពិនិត្យមើលវាដោយមានជំនឿល្អ ហើយនិងផ្តល់ចម្លើយមកវិញ ។
កាសែត Axios បានរាយការណ៍ដោយលើកប្រភពដឹងពីកិច្ចប្រជុំថា កាតា អេហ្ស៊ីប និងទួរគី បានជំរុញក្រុមហាម៉ាសឲ្យផ្តល់ការឆ្លើយតបវិជ្ជមានចំពោះកិច្ចព្រមព្រៀងស្នើសុំរបស់លោក Trump សម្រាប់ការបញ្ចប់សង្រ្គាមហ្កាហ្សា ។
សូមបញ្ជាក់ថា ក្រុមយុទ្ធជនដឹកនាំដោយក្រុមហាម៉ាស បានសម្លាប់មនុស្សប្រហែល ១.២០០នាក់ និងបានចាប់ចំណាប់ថ្នូរ ២៥១នាក់ កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ អំឡុងការវាយប្រហាររបស់ពួកគេលើតំបន់ភាគខាងត្បូងអ៊ីស្រាអែល ។ អាជ្ញាធរសុខភាពហ្កាហ្សា និយាយថា ជនប៉ាឡេស្ទីនជាង ៦៦.០០០នាក់ ត្រូវបានសម្លាប់ ចាប់តាំងពីការវាយប្រហាររបស់អ៊ីស្រាអែលរហូតមក ៕
