រថភ្លើង ស្រឡាង និងតាក់ស៊ី នៅប្រទេសក្រិក ត្រូវផ្អាកសេវាកម្ម ហើយការតវ៉ាត្រូវបានគេរំពឹងថា នឹងកើតមាននៅក្នុងរដ្ឋធានីអាតែន នោថ្ងៃពុធ (ទី១ ខែតុលា) នេះ ក្នុងអំឡុងពេលធ្វើកូដកម្មទូទៅរយៈពេល ១ថ្ងៃ ប្រឆាំងនឹងការបន្ថែមម៉ោងធ្វើការ។
កូដកម្មនេះត្រូវបានរៀបចំឡើងដោយសហជីពឯកជន និងសាធារណៈដ៏ធំបំផុតរបស់ប្រទេសក្រិក ដើម្បីតវ៉ាចំពោះផែនការរបស់រដ្ឋាភិបាល ក្នុងការពន្យារពេលម៉ោងធ្វើការដល់ ១៣ម៉ោង ដែលចូលជាធរមាន ឥឡូវនេះ សម្រាប់កម្មករមានការងារ ២ ឲ្យទៅជាកម្មករមានការងារតែមួយ។ មន្ត្រីក្រសួងការងារបានឲ្យដឹងថា ច្បាប់នេះត្រូវបានគេរំពឹងថា នឹងអនុម័តនៅខែតុលានេះ។

សហជីពលើកឡើងថា ចំណាត់ការនេះនឹងបង្កើនសម្ពាធលើកម្មករ នៅប្រទេសក្រិក ដែលងើបចេញពីវិបត្តិបំណុលឆ្នាំ ២០០៩-២០១៨ ជាអ្វីដែលបានកាត់បន្ថយប្រាក់ឈ្នួល និងប្រាក់សោធននិវត្តន៍ និងបណ្តាលឲ្យមានភាពអត់ការងារធ្វើកើនឡើងខ្ពស់។ បើទោះបីជាសេដ្ឋកិច្ចរបស់ក្រិក កំពុងស្ទុះងើបឡើងវិញ ហើយកម្រិតជីវភាពបានប្រសើរឡើងបន្ទាប់ពីមានការដំឡើងប្រាក់ឈ្នួលជាបន្តបន្ទាប់ក៏ដោយ ក៏ជនជាតិក្រិក នៅតែតាមពីក្រោយប្រទេសរួមតំបន់អឺរ៉ុប នៅក្នុងអំណាចទិញ ដោយសារតម្លៃផ្ទះ និងអាហារឡើងខ្ពស់។
នៅក្នុងសេចក្តីថ្លែងការណ៍មុនកូដកម្មនេះ សហជីព GSEE ដែលតំណាងឲ្យកម្មករប្រហែល ២,៥លាននាក់ នៅក្នុងវិស័យឯកជន បានឲ្យដឹងថា៖ «យើងសូមនិយាយថា ទេ ចំពោះថ្ងៃធ្វើការរយៈពេល ១៣ម៉ោង។ ម៉ោងធ្វើការមិនមែនជាទំនិញទេ។ វាជាជីវិតរបស់យើង»។
កម្មករត្រូវបានគេរំពឹងថា នឹងប្រមូលផ្តុំនៅកណ្តាលក្រុងអាតែន នាព្រឹកថ្ងៃពុធនេះ។ រដ្ឋាភិបាលបញ្ជាក់ថា កំណែទម្រង់នេះនឹងអនុវត្តត្រឹមតែ ៣៧ថ្ងៃប៉ុណ្ណោះ ក្នុងមួយឆ្នាំ ផ្តល់ឱកាសដល់កម្មករឲ្យទទួលបានប្រាក់បន្ថែមម៉ោង ៤០ភាគរយ ហើយថា វាកើតឡើងក្រោយពីមានការទាមទាររបស់និយោជក និងកម្មករ ដែលចង់ឲ្យទីផ្សារការងារបត់បែនជាងមុន៕

