ក្រសួងមហាផ្ទៃ នៅថ្ងៃពុធ (ទី១ ខែតុលា) នេះ បានប្រាប់ឲ្យដឹងថា ប្រទេសប៉ូឡូញនឹងពន្យារពេលរហូតដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ សម្រាប់ការគ្រប់គ្រងនៅតាមព្រំដែនរបស់ខ្លួន ជាមួយអាល្លឺម៉ង់ និងលីទុយអានី ជាចំណាត់ការដែលត្រូវបានដាក់ចេញនារដូវក្តៅនេះ។
ប៉ូឡូញបានណែនាំការគ្រប់គ្រងបណ្តោះអាសន្ន នៅតាមព្រំដែនជាមួយបអាល្លឺម៉ង់ និងលីទុយអានី ក្នុងខែកក្កដា ដោយបានអនុវត្តតាមវិធានការរបស់បណ្តាប្រទេសសហភាពអឺរ៉ុប (EU) មួយចំនួនទៀត ក្នុងការដាក់ចេញនូវការត្រួតពិនិត្យព្រំដែនឡើងវិញ ដើម្បីទប់ស្កាត់អន្តោប្រវេសន៍ខុសច្បាប់។

ប៉ូឡូញបាននិងកំពុងប្រឈមជាមួយនឹងអ្វីដែលខ្លួនលើកឡើងថា ជាវិបត្តិជនអន្តោប្រវេសន៍ដែលបង្កឡើងដោយបេឡារុស និងរុស្ស៊ីនៅតាមព្រំដែនភាគខាងកើតរបស់ខ្លួន ចាប់តាំងពីឆ្នាំ២០២១មក។ ប្រទេសទាំង២ បដិសេធមិនបានជំរុញឲ្យជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនឡើយ។
ដើមឡើយ វិធានការត្រួតពិនិត្យព្រំដែននេះ គឺសម្រាប់រយៈពេលតែមួយខែប៉ុណ្ណោះ ហើយត្រូវបានពន្យាររយៈពេល ២ខែទៀត កាលពីខែសីហា។ ក្រសួងមហាផ្ទៃបានបញ្ជាក់ប្រាប់សារព័ត៌មានរ៉យទ័រថា ការពង្រីករយៈពេលបន្ថែមថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃទី៥ ខែតុលា ហើយដំណើរការរហូតដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦៕
