ប្រេសិតពិសេសអ៊ីស្រាអែលប្រចាំនៅអង្គការសហប្រជាជាតិ(UN)លោក Danny Danon និយាយថា បើសិនជាក្រុមជីវពលប៉ាឡេស្ទីនហាម៉ាស បដិសេធន៍ផែនការសន្តិភាពតំបន់ហ្កាហ្សារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump អ៊ីស្រាអែលនឹងបញ្ចប់ការងាររបស់ខ្លួន ហើយនិងនាំចំណាប់ថ្នូរសេសសល់ទាំងអស់ត្រឡប់មកផ្ទះវិញ ។
អំឡុងព្រឹត្តការណ៍នៅ UN ដើម្បីប្រារព្ធខួប ២ឆ្នាំជិតមកដល់នាពេលខាងមុខនៃការវាយប្រហាររបស់ក្រុមហាម៉ាសដែលនាំឲ្យមានសង្រ្គាមនៅដែនដីប៉ាឡេស្ទីនមួយនេះ លោក Danon និយាយថា បើសិនជាពួកគេច្រានចោលផែនការសន្តិភាព អ៊ីស្រាអែលនឹងបញ្ចប់ការងារមួយនេះ មិនថាតាមវិធីងាយស្រួល ឬតាមវិធីពិបាកនោះទេ ។ ការវិលត្រឡប់របស់ពួកគេ ពុំអាចរង់ចាំបានទៀតទេ ។ នេះមិនមែនត្រឹមតែជាផែនទីផ្លូវ ដើម្បីនាំពួកគេត្រឡប់មកវិញនោះទេ តែវាគឺជាផែនការបញ្ចប់អំពើភេរវកម្មផងដែរដែលបានកើតមាន កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣កន្លងទៅ ។

គួរឲ្យដឹងថា សេតវិមានបានបញ្ចេញឯកសារមាន ២០ចំណុចដែលអំពាវនាវឲ្យមានបទឈប់បាញ់បន្ទាន់ ការដោះដូរចំណាប់ថ្នូរដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស សម្រាប់អ្នកទោសប៉ាឡេស្ទីនដែលឃុំឃាំងដោយអ៊ីស្រាអែល ការដកទ័ពអ៊ីស្រាអែលតាមដំណាក់កាលចេញពីតំបន់ហ្កាហ្សា ការរំសាយអាវុធក្រុមហាម៉ាស និងការបង្កើតរដ្ឋាភិបាលអន្តរកាលដឹកនាំដោយស្ថាប័នអន្តរជាតិ ។
ដោយឡែក ប្រទេសអេហ្ស៊ីប កាតា និងទួរគី បានអំពាវនាវឲ្យចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ទទួលយកសំណើចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក សម្រាប់ការបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា ។
ប្រភពចំនួន ២ដែលដឹងអំពីកិច្ចចរចានេះ បានឲ្យដឹងថា ព័ត៌មានលម្អិតនៃផែនការសន្តិភាពតំបន់ហ្កាហ្សាដាក់ចេញដោយលោក Trump ត្រូវបានបង្ហាញដល់មេដឹកនាំក្រុមហាម៉ាស នៅទីក្រុងដូហា ដោយនាយករដ្ឋមន្ត្រីកាតាព្រះអង្គម្ចាស់ Mohammed bin Abdulrahman al-Thani និងប្រធានស៊ើបការណ៍អេហ្ស៊ីបលោក Hassan Rashad ៕
