ប្រភពប៉ាឡេស្ទីនដែលស្និទ្ធនឹងថ្នាក់ដឹកនាំក្រុមហាម៉ាស នៅថ្ងៃពុធ (ទី១ ខែតុលា) នេះ បានប្រាប់បណ្ដាញសារព័ត៌មានថា មន្ត្រីរបស់ក្រុមនេះ ចង់ឲ្យមានការកែប្រែឃ្លាប្រយោគ ស្តីពីការរំសាយអាវុធ នៅក្នុងផែនការសន្តិភាពហ្កាហ្សារបស់លោកប្រធានាធិបតីអាមេរិក Donald Trump។
ដោយនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយសារភាពរសើបនៃបញ្ហានេះ ប្រភពបានបញ្ជាក់ថា អ្នកចរចារបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៣០ ខែកញ្ញា បានពិភាក្សាជាមួយមន្ត្រីទួរគី អេហ្ស៊ីប និងកាតា នៅក្នុងទីក្រុងដូហា ហើយបានបន្ថែមថា ក្រុមនេះត្រូវការពេល «យ៉ាងហោចណាស់ ២ ឬ៣ថ្ងៃ» ដើម្បីផ្ដល់ការឆ្លើយតប។

គួរបញ្ជាក់ថា ផែនការរបស់លោក Trump ដែលគាំទ្រដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu អំពាវនាវឲ្យមានបទឈប់បាញ់ ការដោះលែងចំណាប់ថ្នូរដោយក្រុមហាម៉ាស ក្នុងរយៈពេល ៧២ម៉ោង ការរំសាយអាវុធរបស់ក្រុមនេះ និងការដកទ័ពរបស់អ៊ីស្រាអែលបន្តិចម្តងៗពីតំបន់ហ្កាហ្សា។
ប៉ុន្តែប្រភពប៉ាឡេស្ទីន បានឲ្យដឹងថា៖ «ក្រុមហាម៉ាសចង់កែប្រែឃ្លាប្រយោគមួយចំនួន ដូចជាការដកអាវុធ និងការបណ្ដេញក្រុមហាម៉ាស និងកម្មាភិបាលបក្សពួកជាដើម»។
ជាមួយគ្នានេះ មេដឹកនាំក្រុមហាម៉ាស ក៏ចង់បានផងដែរនូវ «ការធានាអន្តរជាតិ សម្រាប់ការដកទ័ពអ៊ីស្រាអែលទាំងស្រុងចេញពីតំបន់ហ្កាហ្សា និងការធានាមិនឲ្យមានការធ្វើឃាតទាំងក្នុង ឬក្រៅដែនដីនេះ៕

