ការបំផ្លិចបំផ្លាញឥតឈប់ឈររបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា និងការកំណត់គោលដៅលើជនស៊ីវិលប៉ាឡេស្ទីន ពុំបានបង្ហាញសញ្ញាធូរស្រាលនោះទេ ក្នុងនោះជនប៉ាឡេស្ទីនយ៉ាងហោច ៤៥នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារចាប់តាំងពីពេលព្រឹកថ្ងៃពុធនេះ ស្របពេលដែលការព្រមទទួលយករបស់ក្រុមហាម៉ាសនូវផែនការឈប់បាញ់ស្នើសុំដោយសហរដ្ឋអាមេរិកក្នុងការបញ្ចប់សង្រ្គាមប្រល័យពូជសាសន៍រយៈពេលជិត ២ឆ្នាំនេះ ស្ថិតក្នុងស្ថានភាពពុំច្បាស់លាស់ ។
មីស៊ីល ២គ្រាប់ បានវាយប្រហារសាលារៀន al-Falah នាថ្ងៃពុធនេះ ដែលជាកន្លែងផ្តល់ទីជម្រកដល់ជនប៉ាឡេស្ទីនរាប់រយនាក់ក្នុងសង្កាត់ Zeitoun ស្ថិតនៅភាគខាងកើតទីក្រុងហ្កាហ្សា ជាទីដែលអ៊ីស្រាអែល បានបង្កើនការវាយប្រហារតាមជើងគោករបស់ពួកគេ រួមជាមួយនឹងការទម្លាក់គ្រាប់បែកពីលើអាកាសផងដែរ ។
ស្របពេលដែលក្រុមការពារជនស៊ីវិលប៉ាឡេស្ទីន ប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ការវាយប្រហារមួយទៀត បណ្តាលឲ្យពួកគេមួយចំនួនរងរបួស ។
សាក្សីរាយការណ៍ថា ពេលក្រុមការពារជនស៊ីវិលប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ និងព្យាយាមទាញមនុស្សចេញពីគំនរបាក់បែក ការវាយប្រហារទ្រង់ទ្រាយធំ មានគោលដៅលើពួកគេ ។
ប្រភពវេជ្ជសាស្រ្តនៅមន្ទីរពេទ្យអារ៉ាប់ al-Ahli បាននិយាយប្រាប់កាសែត Al Jazeera ថា មនុស្ស ៦នាក់ ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួសនៅក្នុងការវាយប្រហារនេះ ។
ចំណែកឯមនុស្ស ៧នាក់ផ្សេងទៀត ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួស នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើផ្ទះមួយខ្នងស្ថិតក្នុងសង្កាត់ Daraj នៅភាគខាងកើតទីក្រុងហ្កាហ្សា ៕