មន្ត្រីជាន់ខ្ពស់មួយរូបរបស់ក្រសួងការពារជាតិឥណ្ឌា នៅថ្ងៃពុធ (ទី១ ខែតុលា) នេះ បានលើកឡើងថា វាមានលទ្ធភាពខ្ពស់ ដែលថា កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) ទំនងជានឹងមិនត្រូវបានដាក់ពង្រាយនោះឡើយ នៅក្នុងប្រទេសអ៊ុយក្រែន ឬតំបន់ហ្កាហ្សា ដោយសារសមាសភាពនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។
មន្ត្រីរូបនេះ គឺលោក Vishwesh Negi បាននិយាយនៅឯសន្និសិទសារព័ត៌មានមួយ ក្នុងទីក្រុង New Delhi អំឡុងសន្និបាតរបស់ប្រមុខកងទ័ពនៃបណ្ដាប្រទេសដែលចូលរួមបញ្ជូនទ័ពទៅអង្គការសហប្រជាជាតិ ។
លោក Negi កំពុងឆ្លើយតបនឹងសំណួរ ដែលសួរអំពីលទ្ធភាពនៃការដាក់ពង្រាយកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ទាំងនៅប្រទេសអ៊ុយក្រែន និងតំបន់ហ្កាហ្សា។
គួរបញ្ជាក់ថា ឥណ្ឌាគឺជាអ្នករួមចំណែកបញ្ចូនកងទ័ព និងនគរបាលដ៏ធំបំផុត ក្នុងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ហើយត្រូវបានគេចាត់ទុកថា ជាតួអង្គលេចធ្លោមួយ ក្នុងការបំពេញមុខងារនៃកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ៕