មីយ៉ាន់ម៉ា៖ នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២ នេះគឺជារយៈពេល ១ឆ្នាំគត់ចាប់តាំងពីមានរដ្ឋប្រហារយោធានៅសហភាពមីយ៉ាន់ម៉ា ហើយការអំពាវនាវរកចំណាត់ការពីអន្តរជាតិកំពុងកើនឡើងកាន់តែខ្លាំង ពិសេសពីរដ្ឋាភិបាលបង្រួបបង្រួមជាតិ (NUG) ដែលបានបង្កើតចេញពីក្រុមអ្នកនយោបាយជាប់ឆ្នោតដែលត្រូវបានក្រុមឧត្ដមសេនីយ៍ដឹកនាំដោយលោក Min Aung Hlaing ទម្លាក់ចេញពីតំណែង។

រដ្ឋមន្ត្រីការបរទេសរបស់រដ្ឋាភិបាលនេះគឺលោក Zin Mar Aung បានប្រាប់សារព័ត៌មាន Al Jazeera ថា ពិភពលោកពុំបានធ្វើអ្វីក្រៅតែពីឱបដៃឈរមើលនោះទេ។ ក្នុងរយៈពេលមួយឆ្នាំកន្លងទៅនេះ យើងបានមើលឃើញពីការធ្វើបាបដ៏ឃោរឃៅទៅលើប្រជាជនខ្លួនឯង។ យើងក៏បានមើលឃើញផងដែរពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំពីមនុស្សជំនាន់ក្រោយ ជាមនុស្សជំនាន់ថ្មីដែលនិយាយថា ពួកគេនឹងមិនទទួលយករបបនេះឡើយ។ ការវាយប្រហារលើជនស៊ីវិល ក្រុមអ្នកតវ៉ា និងសកម្មជននយោបាយបានរីកកាន់តែធំក្នុងពេលប៉ុន្មានខែថ្មីនេះ។
អ្វីដែលជាការចាប់ផ្ដើមឡើងឈានដល់ការបង្ក្រាបដោយហិង្សា គឺជាការប្រើប្រាស់ឧស្ម័នបង្ហៀរទឹកភ្នែក និងការវាយដុំ ដែលរហូតមកដល់ពេលនេះបានប្រែក្លាយជាការវាយប្រហារតាមអាកាស ការដុតបំផ្លាញភូមិស្រុក និងបាញ់ប្រហារដោយដាក់គោលដៅនៅទូទាំងប្រទេស។ យោងតាមសមាគមជួយអ្នកទោសនយោបាយ ដែលបានតាមឃ្លាំមើលតាំងពីអំពើហិង្សាចាប់ផ្ដើមឲ្យដឹងថា មនុស្សជាង ១,៥០០នាក់ត្រូវបានសម្លាប់ចាប់តាំងពីរដ្ឋប្រហារ៕
អត្ថបទ៖ សុខមាន