ភ្នំពេញ ÷ កម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជី តាមប្រព័ន្ធចុះបញ្ជីអាជីវកម្មនៃថ្នាលបច្ចេកវិទ្យាព័ត៌មាន CamDX បានអនុម័តសរុបមានចំនួន ជិត ៥០ ពាន់ក្រុមហ៊ុន ដោយមានដើមទុនវិនិយោគសរុបប្រមាណជាង ១៩ ប៊ីលានដុល្លាអាមេរិក។
ឯកឧត្តមបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" លើកឡើងក្នុងសិក្ខាសាលាស្តីពី “ប្រព័ន្ធ អេកូឡូស៊ីថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDX)” នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នេះថា ថ្នាល CamDX បាននិងកំពុងដើរតួនាទី ជាឆ្អឹងខ្នងយ៉ាងសំខាន់ ក្នុងការផ្លាស់ប្តូរទិន្នន័យ នៃសេវាឌីជីថលមួយចំនួនទៀតមានជាអាទិ៍៖ ថ្នាលចុះឈ្មោះសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលជាថ្នាលសម្រាប់អ្នកដែលស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទទួលបានគោលនយោបាយគាំទ្រពីរាជរដ្ឋាភិបាល, ប្រព័ន្ធវិក័យបត្រ អេឡិចត្រូនិកកម្ពុជា ដែលជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ជាតិ ប្រើប្រាស់សម្រាប់ដំណើរការបញ្ជូន, ទទួល និងបញ្ជាក់វិក្កយបត្រ ក្នុងទម្រង់ជាអេឡិចត្រូនិក រវាងអ្នកលក់និងអ្នកទិញ ដោយមិនតម្រូវឱ្យបោះពុម្ពចេញជាវិក្កយបត្រក្រដាសជាដើម។
ចំណែកថ្នាលឌីជីថលខាស (KAS) គឺជាប្រព័ន្ធអេកូឡូស៊ីកសិកម្មឌីជីថល ក្នុងប្រទេសកម្ពុជា សម្រាប់ការចែករំលែកទិន្នន័យ កសិកម្ម និងការជួញដូរផលិតផល, ថ្នាល Business.gov.kh ជាមជ្ឈមណ្ឌលព័ត៌មានកណ្តាល ដែលធុរជននិងវិនិយោគិនក្នុងស្រុក និងក្រៅស្រុក អាចចូលទៅកាន់ដើម្បីទទួលយកព័ត៌មានស្តីពីការធ្វើធុរកិច្ចនៅកម្ពុជា។ ឃ្លាំងទិន្នន័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (DataEF) ជាផតថលទិន្នន័យបើកចំហរផ្តល់ នូវទិន្នន័យក្នុងវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានប្រភពច្បាស់លាស់, អាចចូលប្រើប្រាស់ សម្រាប់ផលប្រយោជន៍ជាសាធារណៈ និងការសិក្សាស្រាវជ្រាវផ្សេងៗជាដើម។
ឯកឧត្តមបណ្ឌិត លើកឡើងបន្តថា ថ្វីត្បិតរហូតមកដល់បច្ចុប្បន្ននេះ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” មិនទាន់បាន សិក្សាអំពីផលប៉ះពាល់ជាវិជ្ជមានដល់សេដ្ឋកិច្ច ក្នុងការរៀបចំថ្នាល CamDX ក្តី, សមិទ្ធផលនៃការផ្តល់សេវាសាធារណៈចំនួន ៥៥ សេវាកន្លងមកបានបង្ហាញថា ក្រុមហ៊ុនជិត ៥០ ពាន់ ទទួលបានការអនុម័តចុះបញ្ជីអាជីវកម្ម ដោយមានដើមទុនវិនិយោគសរុបជាង ១៩ ប៊ីលានដុល្លាអាមេរិក និងអាជ្ញាបណ្ណ លិខិតអនុញ្ញាត និងវិញ្ញាបនបត្រជាង ៥៧ ពាន់ ត្រូវបានផ្តល់ដល់សាធារជននិងធុរជន ដែលការណ៍នេះ បញ្ជាក់អំពីការរួមចំណែកទាំងការបង្កើតបរិស្ថានអំណោយផល ក្នុងការធ្វើធុរកិច្ចនៅកម្ពុជា។
ឯកឧត្តមបណ្ឌិត គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលបណ្តុះ ធុរកិច្ចថ្មី “តេជោ” បានផ្តល់អនុសាសន៍ និងសំណូមពរមួយចំនួនរួមមាន៖ ក្រសួង-ស្ថាប័ន គួរបន្តសហការជិតស្និទ្ធជាមួយប្រតិបត្តិករ ថ្នាល CamDX ក្នុងការបើក និងចែករំលែកទិន្នន័យ ដើម្បីកាត់បន្ថយការបញ្ចូលទិន្នន័យដដែលៗ, កាត់បន្ថយការភ្ជាប់ឯកសារតម្រូវ ដែលមិនសូវចាំបាច់។ ក្រសួង-ស្ថាប័ន ត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់ប្រព័ន្ធគំរូស្តង់ដា (Generic Template) ក្នុងការរៀបចំ អភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការផ្តល់សេវាអេឡិចត្រូនិកដល់ធុរកិច្ច។ ចំណែកវិស័យឯកជន ត្រូវបានលើកទឹកចិត្ត ឱ្យចូលរួមជាសមាជិក CamDX និងប្រើប្រាស់ទិន្នន័យរបស់រាជរដ្ឋាភិបាល ដើម្បីសម្រួលប្រតិបត្តិការអាជីវកម្មរបស់ខ្លួន និងចូលរួម ផ្លាស់ប្តូរទិន្នន័យរបស់ខ្លួនលើថ្នាល CamDX សំដៅចូលរួមធ្វើបរវិត្តកម្មសេដ្ឋកិច្ចឌីជីថលកម្ពុជា។ ប្រតិបត្តិករ CamDX និងក្រសួង- ស្ថាប័ន ជាសមាជិកថ្នាល CamDX សូមបន្តពិនិត្យ និងធ្វើទំនើបកម្មប្រព័ន្ធការពារសន្តិសុខសាយប័រឱ្យបានម៉ត់ចត់៕
អត្ថបទ៖ សុន រ៉ាឌី









