ភ្នំពេញ៖ គិតត្រឹមចុងខែកញ្ញានេះ បងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃប្រមាណ ៣០ម៉ឺននាក់ បានទទួលឱកាសការងារក្នុងស្រុក ទាំងការងារនៅក្នុងរោងចក្រ សហគ្រាសក្នុងប្រព័ន្ធ និងការងារនៅក្រៅប្រព័ន្ធ។ នេះបើតាមការឱ្យដឹងពីឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
នៅក្នុងពេលអញ្ជើញបើកសិក្ខាសាលា ស្ដីពី អាទិភាពជំនាញ និងផលិតភាពសម្រាប់អនាគតកម្ពុជា នៅសណ្ឋាគាររ៉ាហ្វល ឡឺរ៉ូយ៉ាល់ នាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្ដមរដ្ឋមន្ត្រី មានប្រសាសន៍ថា ចាប់ពីថ្ងៃទី៨ ខែមិថុនា រហូតមកដល់ចុងខែកញ្ញានេះ បងប្អូនអតីតពលករខ្មែរត្រឡប់មកពីថៃប្រមាណ ៣០ម៉ឺននាក់ បានទទួលឱកាសការងារតាមរយៈយន្ដការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ វិស័យឯកជន និងភាគីពាក់ព័ន្ធនានា។
ឯកឧត្ដម ហេង សួរ មានប្រសាសន៍ថា «ទោះបីជាអ្វីដែលយើងបានផ្ដល់ជូននេះ មិនបាន១០០ភាគរយ ក៏ប៉ុន្តែការពង្រីកទីផ្សារការងារក្នុងរយៈពេលដ៏ខ្លី រហូតយើងទទួលបាននូវលទ្ធផលជាង ២៤ម៉ឺននាក់មកពីថៃ បានការងារធ្វើនៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ មានន័យថា សុទ្ធតែជាអ្នកដែលបានធ្វើការនៅតាមរោងចក្រ ឬមួយក៏សហគ្រាសធំៗ»។
ក្រៅពីនេះ ក៏មានបងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃប្រមាណ ៦ម៉ឺននាក់ផ្សេងទៀត បានទទួលការងារធ្វើនៅតាមការដ្ឋានសំណង់ សិប្បកម្ម និងភោជនីយដ្ឋានជាដើម ដែលជាការងារស្ថិតនៅក្រៅប្រព័ន្ធ។ ដូច្នេះសរុបទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ គឺបងប្អូនអតីតពលករខ្មែរត្រឡប់មកពីប្រទេសថៃប្រមាណ ៣០ម៉ឺននាក់ បានទទួលការងារក្នុងស្រុក។
នៅក្នុងនោះដែរ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏បានថ្លែងអំណរគុណដល់វិស័យឯកជន ព្រមទាំងសហព័ន្ធនិយោជក និងសមាគមពាណិជ្ជកម្មកម្ពុជា (CAMFEBA) ដែលកន្លងមកនេះ បានចូលរួមយ៉ាងសកម្មជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ផ្ដល់នូវឱកាសការងារយ៉ាងច្រើន ដល់បងប្អូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ៕



