ការបំផ្លិចបំផ្លាញឥតឈប់ឈររបស់អ៊ីស្រាអែលលើដែនដីហ្កាហ្សា និងការកំណត់គោលដៅលើជនស៊ីវិលប៉ាឡេស្ទីន ពុំបានបង្ហាញសញ្ញាថាមានភាពថយចុះនោះទេ ដោយមនុស្សយ៉ាងហោចណាស់៦៥នាក់បន្ថែមទៀត ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាំងពីព្រឹកព្រលឹមថ្ងៃពុធសប្ដាហ៍នេះ ខណៈការទទួលយករបស់ក្រុមហាម៉ាសលើផែនការបទឈប់បាញ់ពីសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្រ្គាមប្រល័យពូជសាសន៍រយៈពេលពីរឆ្នាំ នៅតែមិនច្បាស់លាស់។
មីស៊ីលពីរគ្រាប់បានវាយប្រហារសាលារៀន al-Falah កាលពីថ្ងៃពុធ ដែលត្រូវបានកែប្រែជាជម្រកសម្រាប់ជនភៀសខ្លួនរាប់រយនាក់នៅក្នុងសង្កាត់ Zeitoun ភាគខាងកើតនៃទីក្រុង ហ្កាហ្សា ជាកន្លែងដែលអ៊ីស្រាអែលបានពង្រីកការឈ្លានពានថ្មើរជើងរបស់ខ្លួន រួមជាមួយការទម្លាក់គ្រាប់បែកពីលើអាកាសដ៏ខ្លាំងក្លា។
ខណៈក្រុមការពារជនស៊ីវិលប៉ាឡេស្ទីនប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ការវាយប្រហារមួយផ្សេងទៀតបានធ្វើឱ្យពួកគេជាច្រើននាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ដែលក្រោយមកត្រូវបានគេបញ្ជាក់ថាមនុស្សម្នាក់បានស្លាប់ដោយសាររបួសរបស់លោកធ្ងន់ពេក។
លោក Ibrahim al-Khalili អ្នកសារព័ត៌មានរបស់ទូរទស្សន៍ Al Jazeera បានរាយការណ៍ពីទីក្រុង ហ្កាហ្សា ថា អ្នកឃើញហេតុការណ៍នេះផ្ទាល់ភ្នែក បានរាយការណ៍ថា នៅពេលដែលក្រុមការពារជនស៊ីវិលបានប្រញាប់ប្រញាល់ទៅកន្លែងកើតហេតុ ហើយព្យាយាមទាញមនុស្សចេញពីគំនរបាក់បែក ការវាយប្រហារយ៉ាងពេញទំហឹងទៅលើពួកគេ បានបណ្ដាលឱ្យពួកគេរងរបួសធ្ងន់ធ្ងរ។
ប្រភពវេជ្ជសាស្ត្រនៅមន្ទីរពេទ្យ al-Ahli Arab មុននេះបានប្រាប់ Al Jazeera ថាមនុស្ស ៦នាក់បានស្លាប់ និងផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារនេះ៕


