សារព័ត៌មានចិន CGTN បានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ (២ តុលា) នេះថា ប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីន រាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៦,៩រ៉ិចទ័រ បានកើនឡើងដល់ទៅ ៩៧នាក់ហើយ។
យ៉ាងណាមិញ របាយការណ៍ពីសារព័ត៌មានរ៉យទ័ររបស់អង់គ្លេសនិយាយថា ទីភ្នាក់ងារការពារស៊ីវិលរបស់ហ្វីលីពីន បាននិយាយក្នុងរបាយការណ៍បច្ចុប្បន្នភាពមួយនៅថ្ងៃព្រហស្បតិ៍ដដែលនេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី ដែលបានវាយប្រហារភាគកណ្តាលហ្វីលីពីន កាលពីយប់ថ្ងៃអង្គារកន្លងទៅនោះ បានកើនឡើងដល់ត្រឹម ៧២នាក់ និងមានមនុស្សជិត ៣០០នាក់ ផ្សេងទៀតបានរងរបួស។
ចំនួនអ្នកស្លាប់ចុងក្រោយបង្អស់ដែលហាក់មិនស្របគ្នានេះ ត្រូវបានកត់ត្រានៅក្នុងតំបន់ Visayas ភាគកណ្តាល។ រញ្ជួយដីក្នុងជម្រៅរាក់ បានវាយប្រហារដែនទឹកនៅកណ្តាលកោះ Cebu របស់ហ្វីលីពីន នៅពេលយប់ ដោយបានបំផ្លាញបណ្ដាញខ្សែភ្លើង ស្ពាន និងអគារជាច្រើនខ្នង រួមទាំងព្រះវិហារដែលមានអាយុកាលជាង ១០០ឆ្នាំ។ ប្រតិបត្តិការជួយសង្គ្រោះដ៏ធំមួយកំពុងដំណើរការដើម្បីស្វែងរកអ្នកនៅរស់។
ការរញ្ជួយដីនៅខេត្ត Cebu នេះគឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតរបស់ហ្វីលីពីន ចាប់តាំងពីឆ្នាំ២០១៣មក នៅពេលដែលគ្រោះររញ្ជួយដីកម្រិត ៧,២រ៉ិចទ័រ បានវាយប្រហារកោះ Bohol ដែលនៅជិតខាង ដោយសម្លាប់មនុស្ស ២២២នាក់ នៅពេលនោះ។ ហ្វីលីពីនស្ថិត ស្ថិតនៅលើ "តំបន់កងភ្លើង" នៃមហាសមុទ្រប៉ាស៊ីហ្វិក ហើយតែងជួបប្រទះការរញ្ជួយដីច្រើនជាង ៨០០ដង ក្នុងមួយឆ្នាំៗ៕