មន្ត្រីអង្គភាពសេវាសង្គ្រោះម្នាក់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា មនុស្សប្រហែល៥៩នាក់នៅតែជាប់ក្រោមគំនរបាក់បែកនៃសាលារៀនដែលបាក់រលំនៅលើកោះជ្វា ប្រទេសឥណ្ឌូនេស៊ី។
លោក Abdul Muhari អ្នកនាំពាក្យទីភ្នាក់ងារសម្រាលគ្រោះមហន្តរាយជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា «ទិន្នន័យដែលបានធ្វើបច្ចុប្បន្នភាពកាលពីថ្ងៃពុធនៅម៉ោង១១យប់ បង្ហាញថាមនុស្ស៥៩ នាក់នៅតែជាប់ក្រោមគំនរបាក់បែក ហើយទិន្នន័យកំពុងវិវឌ្ឍខណៈមនុស្សមួយចំនួនដែលនៅរស់រានមានជីវិតពីឧបទ្ទវហេតុនៅពុំទាន់នាំយកចេញមកបាន។
លោក Muhari បាននិយាយថា តួលេខនេះគឺផ្អែកលើបញ្ជីអ្នកដែលបានមកចូលរួមនៅសាលារៀនកម្ពស់ច្រើនជាន់ ដែលបានផ្តល់ឱ្យភ្លាមៗកាលពីថ្ងៃចន្ទក្នុងពេលសិស្សបានមកជួបជុំគ្នាដើម្បីបួងសួងនៅពេលរសៀល ដោយបទ្ទវហេតុនេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ប្រាំនាក់។
ក្រុមអ្នកជួយសង្គ្រោះបានទាញយកអ្នកនៅរស់រានមានជីវិតចំនួន៥នាក់ចេញពីគំនរបាក់បែកកាលពីថ្ងៃពុធ ខណៈឪពុកម្តាយដែលអន្ទះសារដោយការព្រួយបារម្ភទាមទារឱ្យមានការខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងដើម្បីស្វែងរកកុមាររាប់សិបនាក់ទៀតដែលត្រូវបានគេជឿថានៅតែជាប់ខ្លួនក្នុងគំនរបាក់បែក។
អ្នកជំនាញនិយាយថា ការស៊ើបអង្កេតពីមូលហេតុនៃការបាក់រលំកំពុងនៅបន្ត ប៉ុន្តែសញ្ញាដំបូងបង្ហាញពីសំណង់ដែលខ្វះស្តង់ដារ។