ប្រភពស្និទ្ធនឹងចលនាក្រុមហាម៉ាសបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះ ថា ផែនការបទឈប់បាញ់នៅដែនដី ហ្កាហ្សា ស្នើឡើងដោយប្រធានាធិបតីអាមេរិក Donald Trump តម្រូវឱ្យមានការកែសម្រួលជាច្រើនទៀត។
ប្រភពបានប្រាប់សារព័ត៌មានស៊ីនហួថា ការឆ្លើយតបរបស់ក្រុមហាម៉ាសទំនងជាអាស្រ័យលើការកែ សម្រួល និងការបញ្ជាក់ច្បាស់លាស់ ជាពិសេសលើបញ្ហានៃការបញ្ចប់សង្រ្គាម ការដកទ័ពរបស់អ៊ីស្រាអែល និងអនាគតរបស់ក្រុមប្រដាប់អាវុធនេះ។
ក្រុមហាម៉ាស កំពុងពិភាក្សាលើសំណើរបស់សហរដ្ឋអាមេរិកក្នុងក្រុមរបស់ខ្លួន និងជាមួយបណ្ដាក្រុម ប៉ាឡេស្ទីនដែលជាសម្ព័ន្ធមិត្តអស់រយៈពេលពីរថ្ងៃមកហើយ។ បក្សពួកភាគច្រើនបានច្រានចោលផែនការនេះនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារ។
យោងតាមប្រភពនោះ ផែនការនេះត្រូវបានព្រាង នៅក្នុងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអ៊ីស្រាអែល និងមានភាពវិជ្ជមានមួយចំនួន ប៉ុន្តែក៏មានហានិភ័យធ្ងន់ធ្ងរដែលបំផ្លាញស្នូលនៃបុព្វហេតុប៉ាឡេស្ទីនផងដែរ។
ប្រភពបាននិយាយថា ក្រុមហាម៉ាសទាមទារឱ្យមានភាពច្បាស់លាស់លើការបញ្ចប់អរិភាពទាំងស្រុង ជាមួយនឹងការធានាជាអន្តរជាតិដើម្បីទប់ស្កាត់ការវាយប្រហារជាថ្មី ក៏ដូចជាកាលវិភាគច្បាស់លាស់សម្រាប់ការដកទ័ពអ៊ីស្រាអែលចេញពីហ្កាហ្សា។
ចំពោះបញ្ហាចំណាប់ខ្មាំងអ៊ីស្រាអែលដែលត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស ប្រភពខាងលើបានបន្ថែមថារាល់ការដោះលែងត្រូវតែជាប់ពាក់ព័ន្ធនឹងដំណើរការដកទ័ពអ៊ីស្រាអែល ដើម្បីបញ្ឈប់អ៊ីស្រាអែលកុំឲ្យវាយប្រហារទៀត ក្រោយការទទួលបានមនុស្សរបស់ខ្លួន៕