ប្រព័ន្ធផ្សព្វផ្សាយបាននិយាយនៅថ្ងៃព្រហស្បតិ៍ (២ តុលា) នេះថា បាតុកររាប់ពាន់នាក់ ដែលតវ៉ាទាមទារប្រាក់ឧបត្ថម្ភលើម្ហូបអាហារ អគ្គិសនី និងសេវាកម្មផ្សេងទៀត បានប៉ះទង្គិចយ៉ាងហិង្សា ៣ថ្ងៃជាប់គ្នាជាមួយសមត្ថកិច្ចនៅក្នុងតំបន់កាស្មៀរ (Kashmir) ដែលគ្រប់គ្រងដោយប៉ាគីស្ថាន កាលពីថ្ងៃពុធ (១ តុលា) បណ្តាលឱ្យមនុស្សយ៉ាងតិច ១២នាក់បានស្លាប់ និងជាង ២០០នាក់ ផ្សេងទៀតរងរបួស។
មន្ត្រីនគរបាលក្នុងតំបន់ លោក Mohammad Afzal និយាយថា អំពើហិង្សាបានផ្ទុះឡើង នៅពេលក្រុមបាតុករប្រដាប់ដោយអាវុធ បានកាន់កាំភ្លើង និងដំបង ទៅវាយប្រហារលើមន្ត្រី ដែលត្រូវដាក់ពង្រាយនៅទូទាំងតំបន់កាស្មៀរ ដើម្បីទប់ស្កាត់បាតុករមិនឱ្យបិទផ្លូវ និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ។
មន្រ្តីរូបនេះបានបញ្ជាក់ពីការស្លាប់របស់នគរបាល ៣នាក់ ក្នុងចំណោមអ្នកស្លាប់សរុប ដោយបន្ថែមថា ហេតុការណ៍ហិង្សានោះបណ្ដាលឱ្យមន្ត្រីយ៉ាងហោចណាស់ ៩នាក់ រងរបួសស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីត្រូវបាតុករវាយចំក្បាលដោយប្រើដំបង និងដុំថ្ម។
លោក Chaudhry Anwarul Haq ប្រធានតំបន់កាស្មៀរដែលកាន់កាប់ដោយប៉ាគីស្ថាន បាននិយាយថា ក្រុមបាតុករជាសមាជិករបស់គណៈកម្មាធិការសកម្មភាពរួម Awami ដែលបានតវ៉ាបិទផ្លូវ និងបង្កការរំខានយ៉ាងទូលំទូលាយ ចាប់តាំងពីថ្ងៃចន្ទមក នៅក្នុងដែនដីជម្លោះកាស្មៀរ ដែលបែងចែករវាងឥណ្ឌា និងប៉ាគីស្ថានមួយនេះ៕