ប្រណាំងរថយន្ត៖ ស្ថាប័នប្រណាំងរថយន្ត Formula One ពិភពលោកនឹងចាប់ផ្តើមអនុវត្តកាតព្វកិច្ចចាក់វ៉ាក់សាំង ពេញលេងសំរាប់រដូវកាល ២០២២ លើគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

មានន័យថា មិនត្រឹមកីឡាករ អ្នកបច្ចេកទេស ប្រធានក្រុមឡើយ ពោលគឺគ្រប់មនុស្សទាំងអស់ដែលមានវត្តមាននៅក្នុងព្រឹត្តិការណ៍យានយន្ត F1 គ្រប់ទីលានទាំងអស់បូករួមទាំងអ្នកចូលទស្សនាផងដែរ ត្រូវតែមានវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ពេញលេញ និងមានការបញ្ជាក់ត្រឹមត្រូវ។ ជាក់ស្តែងកាលពីឆ្នាំមុនទីលាន Austin រដ្ឋតិចសាសសហរដ្ឋអាមេរិកក៏តម្រូវឱ្យធ្វើដូច្នេះដែរ ពោលគឺអ្នកចូលរួមត្រូវមានវ៉ាក់សាំងយ៉ាងហោចណាស់ពីរដូស។ F1 ក៏បានបើកចំហសម្រាប់ប្រទេសទទួលជាម្ចាស់ផ្ទះនីមួយៗ ដើម្បីបន្ថែមវិធានការផ្នែកសុខាភិបាលដើម្បីទប់ស្កាត់កូវីដ-១៩ ផងដែរ។ សូមបញ្ជាក់ថា រដូវកាល ២០២២ នេះនឹងមានការប្រកួតច្រើនទីលានបំផុតក្នុងប្រវត្តិសាស្ត្រ F1 ដល់ទៅ ២៣ទីលានដែលចេញដំណើរដំបូងនៅប្រទេសបារ៉ែនខែក្រោយនេះ៕
អត្ថបទ៖នាង សុភាវុធ