គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ បានស្តីបន្ទោសដាក់គ្នា ចំពោះការបិទរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមកាលពីថ្ងៃពុធ ១តុលា។
ក្រុមមេដឹកនាំ គណបក្សសាធារណរដ្ឋ (GOP) ដែលបានធ្វើសន្និសីទសារព័ត៌មាននៅវិមាន Capitol របស់សហរដ្ឋអាមេរិកបានហៅការបិទនេះថា "Schumer shutdown " ជាឈ្មោះរបស់មេដឹកនាំព្រឹទ្ធសភាសំឡេងភាគតិចមកពីគណបក្សប្រជាធិបតេយ្យ លោក Chuck Schumer ។
លោក Schumer បានវាយបកវិញថា គណបក្សសាធារណរដ្ឋកំពុង កុហក ដែលនិយាយថា គណបក្សប្រជាធិបតេយ្យបានបិទរដ្ឋាភិបាល ព្រោះតែចង់បានមូលនិធិថែទាំសុខភាពសម្រាប់ជនអន្តោប្រវេសន៍ខុសច្បាប់។
គណបក្សសាធារណរដ្ឋបាននិយាយថា សំណើរបស់បក្សប្រជាធិបតេយ្យនឹងបើកការឧបត្ថម្ភធនលើច្បាប់ថែទាំសុខភាពដែលមានតំលៃសមរម្យ (ACA) ដល់ប្រជាជនដែលរស់នៅក្នុងប្រទេសដោយខុសច្បាប់ នេះបើយោងតាមការិយាល័យថវិកាសភាដែលមិនប្រកាន់បក្ស។
កាលពីថ្ងៃពុធ អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក J.D. Vance បានចោទប្រកាន់លោក Schumer ពីបទឱនក្បាលដាក់ក្រុមឆ្វេងនិយមជ្រុល នៅក្នុងគណបក្សរបស់ខ្លួន។
ក្រុមមេដឹកនាំប្រជាធិបតេយ្យបានចង្អុលបង្ហាញថា គណបក្សសាធារណរដ្ឋគ្រប់គ្រងទាំងសភា និងសេតវិមាន ដូច្នេះ ពួកគេជាអ្នកទទួលខុសត្រូវចំពោះការបន្តដំណើរការរបស់រដ្ឋាភិបាល៕