កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់ភ្លាមៗការបិទរដ្ឋាភិបាលសហរដ្ឋអាមេរិក បានដួលរលំកាលពីថ្ងៃពុធ ទី១ ខែតុលា ខណៈសមាជិកគណបក្សប្រជាធិបតេយ្យនៅក្នុងសភាបានត្រឡប់ទៅលំនៅឋានវិញដោយគ្មានការដោះស្រាយបញ្ហាប្រឈមជុំវិញការផ្តល់មូលនិធិជាមួយលោកប្រធានាធិបតី Donald Trump ហើយសេតវិមាន បានគំរាមដល់ការងារក្នុងវិស័យសាធារណៈ។
ការផ្តល់មូលនិធិរបស់សហព័ន្ធ បានផុតកំណត់នៅពាក់កណ្តាលអធ្រាត្រ បន្ទាប់ពីលោក Trump និងសមាជិកសភា បរាជ័យក្នុងការឯកភាពគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីរក្សាឲ្យនៅដំណើរការ ដែលជំរុញឱ្យទីភ្នាក់ងារនានាបញ្ឈប់សេវា ខណៈសេតវិមានបានព្រមានអំពីការបណ្តេញបុគ្គលិកផ្នែកសាធារណៈ «ដែលជិតមកដល់»។ សមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ ដែលកំពុងទាមទារប្រាក់ឧបត្ថម្ភថែទាំសុខភាពបន្ថែមសម្រាប់គ្រួសារដែលមានប្រាក់ចំណូលទាប មិនព្រមជួយគណបក្សសាធារណរដ្ឋដែលមានសំឡេងភាគច្រើន អនុម័តសេចក្តីស្នើច្បាប់ឆ្លងកាត់សភារួចហើយ ដែលនឹងបើករដ្ឋាភិបាលឡើងវិញក្នុងរយៈពេលច្រើនសប្តាហ៍ខណៈការចរចានៅតែបន្ត។ ការបោះឆ្នោតនៅព្រឹទ្ធសភាពេលនេះ ត្រូវបានពន្យារពេលរហូតដល់ថ្ងៃសុក្រ មានន័យថាក្តីសង្ឃឹមសម្រាប់ដំណោះស្រាយឆាប់រហ័សត្រូវបានធ្វើឲ្យខកចិត្ត។ និយោជិតសហព័ន្ធប្រហែល ៧៥០.០០០នាក់ ត្រូវបានគេរំពឹងថានឹងត្រូវបានដាក់ឱ្យឈប់សម្រាក ដែលជាបែបផែននៃការចាកចេញដោយបង្ខំ ដោយប្រាក់បៀវត្សរ៍ត្រូវបានកាត់ទុករហូតដល់ពួកគេត្រឡប់ទៅធ្វើការវិញ។ បុគ្គលិកសំខាន់ៗដូចជាយោធា និងភ្នាក់ងារព្រំដែន អាចត្រូវបានបង្ខំឱ្យធ្វើការដោយគ្មានប្រាក់ឈ្នួល។ ទន្ទឹមនឹងនេះ សមាគមអ្នកត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសជាតិ បានសម្តែងការព្រួយបារម្ភចំពោះសុវត្ថិភាពផ្លូវអាកាស ខណៈសមាជិកជាង ២.៣០០នាក់ត្រូវបានឲ្យត្រឡប់ទៅលំនៅឋានវិញ។