ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃពុធ (១ តុលា) បាននិយាយចោទប្រកាន់រុស្ស៊ី ថាកំពុងតែព្យាយាមបង្កើតហានិភ័យនៃឧប្បត្តិហេតុនុយក្លេអ៊ែរ និងមានចេតនាបើកការវាយប្រហារ នាំឱ្យដាច់អគ្គិសនីដល់ស្ថានីយ៍ថាមពលនុយក្លេអ៊ែរ Chernobyl ដែលលែងដំណើរការ។
ក្នុងសារបង្ហោះលើកម្មវិធីផ្ញើសារតេលេក្រាម លោក Zelenskyy បាននិយាយថា យានដ្រូនជាង ២០គ្រឿង បានចូលរួមក្នុងការវាយប្រហារលើទីក្រុងក្បែរនោះ ដោយបានកាត់ផ្តាច់ថាមពលទៅកាន់ស្ថានីយ Chernobyl ជាទីដែលគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក បានកើតឡើងកាលឆ្នាំ១៩៨៦ ដែលបណ្ដាលឱ្យសាយភាយវិទ្យុសកម្មនៅទូទាំងទ្វីបអឺរ៉ុប។
មេដឹកនាំអ៊ុយក្រែនរូបនេះក៏បាននិយាយផងដែរថា ទីក្រុងមូស្គូ មិនបានធ្វើអ្វីដើម្បីជួសជុលការកាត់ផ្តាច់ថាមពលពីខាងក្រៅទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដែលគ្រប់គ្រងដោយរុស្ស៊ីឡើយ ហើយឥឡូវនេះឈានចូលថ្ងៃទី៨ របស់ខ្លួនហើយ និងកំពុងឆក់ឱកាសពីជំហរ "ទន់ខ្សោយ" នៃទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ។
មន្ត្រីថាមពលអ៊ុយក្រែន និយាយថា ការបាញ់ផ្លោងពីរុស្ស៊ី បានបណ្តាលឱ្យដាច់ចរន្តអគ្គិសនីក្នុងតំបន់ Chernihiv ក្បែរនោះ ប៉ះពាល់ដល់មនុស្សជាង ៣សែនគ្រួសារ នៅជិតព្រំដែនភាគខាងជើងនៃអ៊ុយក្រែន ជាមួយរុស្ស៊ី៕