នាយករដ្ឋមន្ត្រីប្រទេសដាណឺម៉ាក លោកស្រី Mette Frederiksen បានព្រមានថា អឺរ៉ុបត្រូវតែបំពាក់អាវុធខ្លួនឯង ដើម្បីឆ្លើយតបទៅនឹងសង្គ្រាមកូនកាត់របស់រុស្ស៊ី។ លោកស្រី Frederiksen បាននិយាយទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា «បច្ចុប្បន្ននេះ ខ្ញុំសង្ឃឹមថាមនុស្សគ្រប់គ្នាទទួលស្គាល់ថា មានសង្រ្គាមកូនកាត់ ហើយមួយថ្ងៃ វានៅប្រទេសប៉ូឡូញ មួយថ្ងៃទៀតវានៅប្រទេសដាណឺម៉ាក ហើយនៅសប្តាហ៍ក្រោយ វាប្រហែលជានៅកន្លែងផ្សេងទៀតដែលយើងមើលឃើញមានការបំផ្លិចបំផ្លាញ ឬយើងមើលឃើញយានដ្រូនកំពុងហោះហើរ»។ លោកស្រី កំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលមេដឹកនាំអឺរ៉ុប ខណៈក្រុមមេដឹកនាំបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងរួមគ្នាសម្រាប់ការទប់ស្កាត់ និងការការពារកាន់តែប្រសើរឡើង។ ប្រធានាធិបតីបារាំងលោក Emmanuel Macron ក៏នៅទៅនោះផងដែរ ហើយបានជំរុញឱ្យសហភាពអឺរ៉ុបបន្តការប្រុងប្រយ័ត្នក្នុងការប្រឈមមុខដាក់គ្នាជាមួយរុស្ស៊ី នាពេលបច្ចុប្បន្ន។ លោក Macron បាននិយាយកាលពីថ្ងៃពុធនៅក្រៅកិច្ចប្រជុំកំពូលនៅទីក្រុង Copenhagen ថា «ខ្ញុំគិតថាយើងទាំងអស់គ្នាត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ព្រោះយើងកំពុងស្ថិតក្នុងពេលវេលានៃការប្រឈមមុខជាមួយនឹងសង្គ្រាមកូនកាត់»។ លោកបាននិយាយបន្ថែមថា «នេះហើយជាមូលហេតុដែលយើងត្រូវតែមានភាពរឹងមាំដើម្បីទប់ស្កាត់រាល់ការឈ្លានពាន»។ នាយករដ្ឋមន្រ្តីអ៊ីតាលី លោកស្រី Giorgia Meloni ក៏បានព្រមានប្រឆាំងនឹងប្រតិកម្មហួសហេតុ ផងដែរ។ លោកស្រីនិយាយថា «ទោះបីជាអ្វីៗគ្រប់យ៉ាងក៏ដោយ ខ្ញុំគិតថាយើងត្រូវគិតដោយស្ងប់ស្ងាត់។
ប្រធានាធិបតីបារាំង បាននិយាយដោយលើកឡើងពីការវាយប្រហារតាមអ៊ីនធឺណិតក្នុងអំឡុងពេលបោះឆ្នោត សង្គ្រាមប្រឆាំងអ៊ុយក្រែន ការប្រើប្រាស់ការគំរាមកំហែងនុយក្លេអ៊ែរ និងការរំលោភបំពានដែនអាកាសកាលពីពេលថ្មីៗនេះ ដែលប្រទេសរុស្ស៊ីគឺជា «អ្នកឈ្លានពាន» ជាច្រើនឆ្នាំមកហើយ។