ឯកអគ្គរដ្ឋទូតរបស់រុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធ (១ តុលា) ថា រុស្ស៊ីមិនទទួលស្គាល់ការដាក់ឡើងវិញនៃទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ លើអ៊ីរ៉ង់ នោះឡើយ។
ក្នុងសន្និសីទសារព័ត៌មានមួយដើម្បីប្រារព្ធការចាប់ផ្តើមធ្វើជាប្រធានក្រុមប្រឹក្សាសន្តិសុខអ.ស.ប របស់រុស្ស៊ី លោក Nebenzia បាននិយាយថា យន្តការដាក់ទណ្ឌកម្មឡើងវិញ បង្កតែបញ្ហាពិបាកដោះស្រាយប៉ុណ្ណោះ។ លោកបន្តថា "ការវិវត្តនេះពិតជាពិបាកជាមួយនឹងភាពតានតឹងដ៏ធំនៅជុំវិញអ៊ីរ៉ង់ ព្រោះជាការបើកទ្វារសម្រាប់ប្រទេសទាំងឡាយណា ដែលចង់បញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់" ដោយសំដៅលើសកម្មភាពយោធារបស់អ៊ីស្រាអែល និងសហរដ្ឋអាមេរិក កាលពីខែមិថុនា។
មហាអំណាចអឺរ៉ុបទាំងបី គឺអង់គ្លេស បារាំង និងអាល្លឺម៉ង់ បានផ្តួចផ្តើមដំណើរការដាក់ទណ្ឌកម្មឡើងវិញ នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជុំវិញការចោទប្រកាន់ថា អ៊ីរ៉ង់បានរំលោភលើកិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលមានបំណងបញ្ឈប់ប្រទេសនេះមិនឱ្យអភិវឌ្ឍគ្រាប់បែកនុយក្លេអ៊ែរ។ អ៊ីរ៉ង់ បដិសេធម្ដងហើយម្ដងទៀតថាខ្លួនមិនចង់ផលិតអាវុធនុយក្លេអ៊ែរទេ។
ជាមួយនឹងការត្រលប់មកវិញនៃទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ អ៊ីរ៉ង់នឹងទទួលរងនូវការផ្អាកផ្គត់ផ្គង់អាវុធ និងបម្រាមលើរាល់សកម្មភាពចម្រាញ់ និងកែច្នៃសារធាតុអ៊ុយរ៉ានីញ៉ូម ក៏ដូចជាសកម្មភាពណាមួយដែលទាក់ទងនឹងមីស៊ីលប៉ាលីស្ទិក ដែលមានសមត្ថភាពដឹកអាវុធនុយក្លេអ៊ែរ៕