ឯកអគ្គរដ្ឋទូតរបស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិ លោក Vassily Nebenzia បាននិយាយកាលពីថ្ងៃពុធ ទី០១ ខែតុលា ថា រុស្ស៊ីនៅតែរង់ចាំប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ឆ្លើយតបទៅនឹងសំណើរបស់ប្រធានាធិបតី លោក Vladimir Putin ក្នុងការរក្សាដោយស្ម័គ្រចិត្តនូវដែនកំណត់លើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រដែលត្រូវបានដាក់ពង្រាយ នៅពេលដែលសន្ធិសញ្ញាគ្រប់គ្រងអាវុធដ៏សំខាន់បានផុតកំណត់។
លោកPutin កាលពីខែមុន បានស្នើឱ្យរក្សាដោយស្ម័គ្រចិត្តនូវដែនកំណត់ដែលគ្របដណ្តប់ទំហំឃ្លាំងអាវុធនុយក្លេអ៊ែរធំបំផុតរបស់ពិភពលោកដែលមានចែងក្នុងកិច្ចព្រមព្រៀង New START ឆ្នាំ២០១០ ដែលបានផុតកំណត់កាលពីខែកុម្ភៈ។
លោក Nebenzia បាននិយាយទៅកាន់សន្និសីទសារព័ត៌មានមួយ ដើម្បីប្រារព្ធពិធីចាប់ផ្តើមនៃអាណត្តិជាប្រធានរបស់រុស្ស៊ីនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់ខែតុលាថា «តាមដែលខ្ញុំដឹង ពុំមានអ្វីជាផ្លូវការមកពីរដ្ឋបាលរបស់សហរដ្ឋអាមេរិកនៅឡើយទេ»។
លោកនិយាយថា លោកយល់ថារដ្ឋបាល លោក Trump រវល់ដោយការជួបជុំប្រចាំឆ្នាំរបស់មេដឹកនាំពិភពលោកនៅអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន និងបញ្ហាផ្សេងៗទៀត។