យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុក្នុងតំបន់ និង ព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា សម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូងបានវិវត្តទៅជាព្យុះទី២១ ឈ្មោះ ម៉ាតម៉ូ(Matmo)T2521 ដែលមានឥទ្ធិពលលើរបបខ្យល់មូសុងនិរតី ហើយបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ គន្លងផ្លូវដើររបស់ព្យុះនេះ ពុំមានឥទ្ធិពលខ្លាំងមកលើ ព្រះរាជាណាចក្រកម្ពុជានោះទេ។
ក្រសួងធនធានទឹក និងឧតុនិយមបញ្ជាក់ផងដែរថា ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាសចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥៖
១.តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្ដាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានបរិមាណទឹកភ្លៀងកើនឡើង និងមាន ខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៤០%។
២.តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានបរិមាណទឹកភ្លៀងកើនឡើង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូត ផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៣៥%។
៣.តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានបរិមាណទឹកភ្លៀងកើន ឡើង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២៥%។ រលកសមុទ មានកម្ពស់ខ្ពស់ជាងធម្មតា ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។
យោងលើការព្យាករដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេស បងប្អូនដែលធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និង វិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕
