បាល់ទាត់៖ ទីផ្សារដោះដូរកីឡាករក្នុងខែមករានៅតំបន់អឺរ៉ុបបានបិទបញ្ចប់ថ្ងៃចន្ទម្សិលមិញ ខណៈដែលក្លិប Everton ចុងក្រោយគេបាននាំចូលកីឡាករពីរនាក់សំខាន់ៗ។ ខ្សែបម្រើអង់គ្លេស Dele Alli បានផ្ទេរពី Spurs ក្នុងតម្លៃ ១០លានផោនជាមួយនឹងកិច្ចសន្យា ២ឆ្នាំកន្លះ។

កីឡាករវ័យ ២៥ឆ្នាំរូបនេះធ្លាប់បានបង្ហាញខ្លួន ៣៧លើកឱ្យក្រុមជំរើសជាតិអង់គ្លេសតែនៅ Spurs មួយរយៈចុងក្រោយមិនជោគជ័យដោយមិនសូវបានលេង ពោលគឺរដូវកាលនេះបង្ហាញខ្លួនបានត្រឹម ៦លើកក្រោមការដឹកនាំរបស់ Antonio Conte។ ជាមួយគ្នានោះដែរ Everton ដែលស្ថិតក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី Frank Lampard នោះក៏បាននាំយកខ្សែបម្រើមួយរូបទៀតដែរគឺកីឡាករហូឡង់ Donny van der Beek ពី Manchester United ក្នុងលក្ខខណ្ឌខ្ចីដល់ចប់រដូវកាល។ កីឡាករវ័យ ២៤ឆ្នាំរូបនេះត្រូវបានអនុញ្ញាតឱ្យចាកចេញពីអ្នកចាត់ការ Ralf Rangnick ដើម្បីមានឱកាសលេងបាល់ច្រើន។ Van der Beek បង្ហាញខ្លួន ១១នាក់ដំបូងនៅ Premier League បានតែ ៤លើកប៉ុណ្ណោះតាំងពីផ្លាស់ពី Ajax Amsterdam កាលពីឆ្នាំ២០២០ ក្នុងតម្លៃ ៤០លានផោន និងមិនបានលេងសោះក្នុងរដូវកាលនេះ។

ចំណែកឯក្រុមនាំមុខគេ Manchester City បានសំរេចក្នុងការនាំយកខ្សែប្រយុទ្ធអាហ្សង់ទីន Julian Alvarez ពី River Plate ក្នុងតម្លៃ ១៧លានអឺរ៉ូ។ កីឡាករវ័យ ២២ឆ្នាំដែលជាគោលដៅរបស់ Manchester United ដែរនោះបានចុះហត្ថលេខារយៈពេល ៥ឆ្នាំកន្លះ។ Julian Alvarez បង្ហាញខ្លួនបាន ៩៦ប្រកួតនៅ River Plate ស៊ុតបញ្ចូលទីបាន ៣៦គ្រាប់។ ងាកមកមើលការដោះដូរកីឡាករសំខាន់ៗផ្សេងទៀតខ្សែប្រយុទ្ធហ្កាបុង Pierre-Emerick Aubameyang បានផ្លាស់ពីក្រុមកាំភ្លើងធំ Arsenal ទៅ FC Barcelona ហើយដោយគ្មានតម្លៃផ្ទេរ។ កីឡាករវ័យ ៣២ឆ្នាំរូបនេះមិនបានចូលលេងឱ្យ Arsenal តាំងពីខែធ្នូដោយសារមិនគោរពវិន័យ និងត្រូវបានដកហូតតំណែងប្រធានក្រុមដោយអ្នកចាត់ការ Mikel Arteta ផងដែរ។ រំលឹកថា Aubameyang ត្រូវបាន Arsenal ទិញពី Dortmund ក្នុងតម្លៃ ៥៦លានផោនកាលពីឆ្នាំ២០១៨។ ចំណែកឯខ្សែបម្រើសញ្ជាតិវែល Aaron Ramsey នៅពេលនេះបានចាកចេញពី Juventus ហើយផ្លាស់ទៅកាន់ក្លិបស្កុតឡេន Glasgow Rangers ក្នុងលក្ខខណ្ឌខ្ចីដល់ចប់រដូវកាល។ កីឡាករវ័យ ៣១ឆ្នាំរូបនេះមិនបានចូលលេងសូម្បីមួយប្រកួតឱ្យ Juventus តាំងពីបង្ហាញខ្លួនចុងក្រោយកាលពីខែតុលា៕
អត្ថបទ៖នាង សុភាវុធ