សេចក្ដីរាយការណ៍របស់សារព័ត៌មាន ABC បានឱ្យដឹងថា យន្តហោះដឹកអ្នកដំណើរក្នុងតំបន់ចំនួនពីរគ្រឿងរបស់ក្រុមអាកាសចរណ៍ Delta Air Lines បានប៉ះទង្គិចគ្នាក្នុងល្បឿនយឺត ខណៈពេលកំពុងបើកកម្រង់រកចំណត នៅឯផ្លូវរត់នៃអាកាសយានដ្ឋាន LaGuardia ទីក្រុងញូវយ៉ក របស់សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃពុធ (១ តុលា)។ អាកាសយានិកបានរាយការណ៍ថាមានការខូចខាតកញ្ចក់យន្តហោះ និងយ៉ាងហោចណាស់មានអ្នករងរបួសម្នាក់។
យន្តហោះទីមួយកំពុងជិះឆ្ពោះទៅច្រកទ្វារ នៅពេលដែលយន្តហោះ Delta មួយគ្រឿងទៀតបានមកដល់ស្របគ្នាក្រោយពីការចុះចត បន្ទាប់មកការប៉ះទង្គិចក៏បានកើតឡើង។ ស្លាបខាងស្តាំនៃយន្តហោះទីមួយ បានបុកផ្នែកខាងមុខរបស់យន្តហោះមួយទៀតនៅម៉ោងក្នុងស្រុកប្រហែល ៩:៥៦នាទីយប់ នេះបើយោងតាមរបាយការណ៍នៃគ្រោះថ្នាក់នេះ ពីទីភ្នាក់ងារគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស (ATC)។

ក្រុមហ៊ុនអាកាសចរណ៍ Delta បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ការប៉ះទង្គិចគ្នាក្នុងល្បឿនយឺតនេះ" បានកើតឡើងរវាងជើងហោះហើរ Endeavor Air Flight លេខ ៥០៤៧ ដឹកអ្នកដំណើរ ៥៧នាក់ ដែលមកដល់ពីក្រុង Charlotte រដ្ឋ North Carolina និងជើងហោះហើរលេខ ៥១៥៥ ដឹកអ្នកដំណើរ ២៨នាក់ ដែលគ្រោងនឹងចេញដំណើរទៅកាន់ក្រុង Roanoke រដ្ឋ Virginia៕
