ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son-hui បានប្តេជ្ញាថា នឹងខិតខំប្រឹងប្រែងពង្រឹងការផ្លាស់ប្តូរការទូត និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន នៅក្នុងសារអបអរសាទររបស់លោកស្រីទៅកាន់ការទូតកំពូលរបស់ចិន គឺលោក Wang Yi ក្នុងថ្ងៃខួបដ៏សំខាន់របស់ប្រទេសចិន។

សាររបស់លោកស្រី Choe ត្រូវបានផ្ញើជូនមក ដើម្បីអបអរសាទរខួបលើកទី ៧៦ នៃការបង្កើតប្រទេសចិនកាលពីថ្ងៃពុធ។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ(KCNA)។
នៅក្នុងលិខិតនោះ លោកស្រី Choe បាននិយាយថា ប្រទេសទាំងពីរ មានបេសកកម្ម «សំខាន់» ដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី តាមរយៈកិច្ចសហប្រតិបត្តិការការទូត ដោយគូសបញ្ជាក់ថា កូរ៉េខាងជើង និងចិនបានឈានដល់ការឯកភាពគ្នាទាំងស្រុង លើបញ្ហាសំខាន់ៗ ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង នាពេលថ្មីៗនេះ។
សារដែលសរសេរដោយ KCNA នោះ បានឲ្យដឹងថា កូរ៉េខាងជើង «នឹងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីអភិវឌ្ឍន៍បន្ថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរបស់ខ្លួន ជាមួយប្រទេសចិន និងពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យការទូត»៕
